ពលរដ្ឋខ្មែរភាគច្រើនបា្រកដជាបានដឹងនឹងចងចាំហើយនូវទិសស្លោកមួយឃ្លាដែលសរសេរថា”វប្បធម៌រលំ ជាតិរលាយ “ ។ ពាក្យវប្បធម៌ (Culture) បើតាមសៀវភៅ ” វប្បធម៌ និង អរិយធម៌ ” ដែលរាបរៀងដោយលោក វ៉ាន់ ឌីកាអុន គឺសំដៅទៅលើចំណេះដឹង និង ទេពកោសលរបស់បុគ្គល ។ចំណែកអរិយធម៌ (civilization) គឺសំដៅទៅលើការរីកចំរើនរបស់ប្រទេស ។ ពោលប្រទេសមួយអាចរីកចំរើនទៅបានគឺអាស្រ័យចាំបាច់ណាស់ទៅលើចំណេះដឹងរបស់បុគ្គលម្នាក់ៗ។ក្នុងនោះអ្វីដែលពិសេសគឺទេពកោសល ។

លោក ស៊ីន ស៊ីសាមុត និង តារាចម្រៀងស្រី ផ្សេង ទៀត កាល ពី សម័យមុន ដែល គេ ផ្ដិត នៅ លើ ក្រប អាល់ប៊ុម ចម្រៀង
ជាការពិតណាស់មនុស្សម្នាក់ៗមានលទ្ធភាព ក្នុងការផ្ទេរ និង ទទួលចំណេះដឹងពីគ្នាទៅវិញទៅមក ប៉ុន្តែគេមិនអាចផ្ទេរទេពកោសលឲ្យគ្នាទៅវិញទៅមកបានទេ ។ ឧទាហរណ៏ស្ដេចចម្រៀងប៉ុប ម៉ៃឃើល ជេកសុន របស់អាមេរិកជាមនុស្សប្រកបដោយទេពកោសល , បទចម្រៀងរបស់គាត់មានឥទ្ធិពលគ្របដណ្ដបទៅលើមនោសញ្ចេតនារបស់មនុស្សភាគច្រើនក្នុងពិភពលោក ។ ភាពពិសេសនេះព្រះបានប្រទានសម្រាប់តែ ម៉ៃឃើល ជេកសុន ម្នាក់ប៉ុណ្ណោះ ។ បើទោះបីអ្នកដ៏ទៃយកបទចម្រៀងរបស់គាត់ទៅច្រៀងតាមក៏មិនដូចដែរ។ពោល សម្រាប់សតវត្យរ៏ទី២០-២១ ស្ដេចចម្រៀងប៉ុបមានតែម្នាក់គត់គឺ ម៉ៃឃើល ជេកសុន ។
អញ្ចឹងហើយបានជាប្រទេសមួយចំនួនបានរក្សាការពារយ៉ាងហ្មត់ចត់នូវស្នាដៃនិងសកម្មភា្រពដ៏មានសារៈសំខាន់របស់មនុស្សប្រភេទនេះ ។ ពិសេសហាមប្រាមដាច់ខាតមិនឲ្យមានការលួចយកទៅចម្លងផ្ដេសផ្ដាស ក្នុងគោលដៅពាណិជ្ជកម្មឡើយ ។ ការអភិរក្សបែបនេះ ក្រៅតែពីគោលបំណងដើម្បីការពារកម្មសិទ្ធបញ្ញា វាក៏ដើម្បីការពារកិត្តិយសដល់អ្នកដែលបានសាងស្នាដៃ និងក្រុមគ្រួសាររបស់គេផងដែរ ។ ហើយអ្វីដែលសំខាន់នោះគឺការកំណត់ត្រាប្រវត្តិសាស្រ្ត ចំពោះភាពឆ្នើមផ្ដាច់ ប្រចាំយុគសម័យនីមួយៗ ។
បទចម្រៀងរបស់អ្នកចម្រៀងស្រីដ៏ល្បីប្រចាំទសវត្សរ៏ទី៦០របស់ថៃឈ្មោះ ភុំភួង ដួងចៃ រហូតមកដល់ពេលនេះ រដ្ឋាភិបាលថៃបានរក្សាទុកជាបេតិកភណ្ឌនៃបទចម្រៀង ដោយមិនអនុញ្ញាតិឲ្យអ្នកដ៏ទៃយកទៅច្រៀងតាមដើម្បីធ្វើអាជីវកម្មឡើយ ។ប៉ុន្តែដោយឡែកលោក ស៊ីន ស៊ីសាមុត ដែលពលរដ្ឋខ្មែរភាគច្រើនបានឲ្យតម្លៃចេញពីបេះដូងផ្ទាល់របស់ពួកគេថា ជាអធិរាជសម្លេងមាសនោះ ហាក់ដូចជាពុំទទួលបានភ័ព្វ ដូច្នេះ ឡើយ ។
គេកត់សម្គាល់ឃើញថា បន្ទាប់ពីមានចលនាកែកាឡៃបទចម្រៀងពីបរទេសមកធ្វើជារបស់ខ្លួនដោយផលិតកម្មមួយចំនួន ពុំទទួលបានការគាំទ្រ ដោយសារតែបទភាគច្រើនខុសទៅនិងនិន្នាការផ្នែកអារម្មណ៏របស់មនុស្សខ្មែរនោះ ក៏ស្រាប់តែមានការលើកយកបទចម្រៀងចាស់ៗរបស់លោក ស៊ីន ស៊ីសាមុត និង អ្នកចម្រៀងល្បីឯទៀតកាលពីសម័យមុនមកឲ្យអ្នកចម្រៀងថ្មីៗ ច្រៀងកើបលុយយ៉ាងអនាធិបតេយ្យដោយ ខ្វះសម្បជញ្ញៈ ខ្វះសេចក្ដីអៀនខ្មាស។ ហើយអ្វីដែលអាក្រក់បំផុតគឺគេបានយកបទចាស់ៗទាំងនេះទៅកែ Mélodieយ៉ាងច្របូកច្របល់ ពីលឿនទៅយឺត ពីយឺតទៅលឿន ។ តួយ៉ាងដូចជាបទ ទេពធីតាក្នុងសុបិន្ត ដែលធ្លាប់ច្រៀងដោយលោក ស៊ីន ស៊ីសាមុត ជាដើម ។ ដែលបទមនោសញ្ចេតនាលន្លង់លន្លោច ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាមានតម្លៃជាអមតៈរហូតមកដល់ពេលនេះ បែរជា ត្រូវបានក្រុមហ៊ុន ហង្សមាស យកមកឲ្យលោក ព្រាប សុវត្ថិ ច្រៀង ជាមួយការកែប្រែ Mélodieថ្មី បែបកញ្ឆក់កញ្ឆែង ។
នេះគ្រាន់តែជាឧទាហរណ៏មួយក្នុងចំណោមបទចម្រៀងរាប់មិនអស់របស់អ្នកចម្រៀងសម័យដើមដែលត្រូវបានក្រុមហ៊ុនផលិតបទចម្រៀងសម័យនេះ យកមកបំផ្លាញ ដោយ កែកាឡៃច្រៀងថ្មី ក្នុងគោលដៅបំភ័ន្ដសាធារណៈជនខ្មែរ ។ប៉ុន្តែបើទោះជាដូច្នេះក្ដី បទចម្រៀដ៏មានតម្លៃ នាអតីតកាលនៅតែស្ថិតក្នុងការចងចាំរបស់មនុស្សខ្មែរភាគច្រើនដដែល ។
បទចម្រៀងភាគច្រើនរបស់លោក ស៊ីន ស៊ីសាមុត និងអ្នកចម្រៀងចាស់ៗឯទៀត ពុំត្រឹមតែបានបង្ហាញឲ្យឃើញពីអត្តសញ្ញាពណ៌សំបុរ ភូមិសាស្រ្តដ៏ត្រកាល លើទឹកដីខ្មែរ ដែលបំពាក់សេចក្ដីស្រលាញ់ដល់អ្នកស្ដាប់ប៉ុណ្ណោះទេ , ប៉ុន្តែវាក៏បានបង្ហាញនូវចរិតជាតិនិយមផងដែរ ។ ដូចបទចម្រៀងទៅភ្ជំនៅអារញ្ញរបស់លោក ស៊ីន ស៊ីសាមុត ដែលមានឃ្លាមួយលើកឡើងថា “..ទោះបីបុប្ផាអារញ្ញល្អស្រស់ ក៏នៅមិនឈ្នះស្រអែមមាសបង…” ដែលឃ្លានេះចង់បញ្ជាក់ពីគុណតម្លៃរបស់ស្ត្រីខ្មែរ ដែលនារីថៃ នៃ ជាតិសាសន៏ដ៏ទៃ មិនអាចប្រៀបធៀបបានឡើយ ។ខុសផ្ទុយពីខ្មែរឥឡូវ ដោយសារតែយើងខ្វះគំនិតជាតិនិយម ខ្វះឧត្តមគតិជាតិ ខ្វះមោទនភាពជាតិ បានធ្វើឲ្យយុវវ័យខ្មែរម្នាក់ៗ គិតតែពីចង់ធ្វើខ្លួនជា កូរ៉េ ថៃ អាមេរិក….. ដោយភ្លេចគិតអត្តសញ្ញាណជាខ្មែរ មិនប្រឹងប្រែងធ្វើឲ្យខ្លួនឯងចេះស្រលាញ់ខ្លួនឯង ។ នេះហើយជាសញ្ញាឈានទៅរកភាពរលំរលាយរបស់ខ្មែរ ។
ដូច្នេះនៅចំពោះគ្រោះថ្នាក់របស់ជាតិនេះ រដ្ឋាភិបាល ពិសេសក្រសួងវប្បធម៌និងវិចិត្រសិល្បះ រួមទាំងពលរដ្ឋខ្មែរត្រូវតែពិចារណាឡើងវិញ ហើយគួរតែចាត់ទុកបទចម្រៀងចាស់ៗដែលខ្លះមានអាយុលើសពី៥០ឆ្នាំ ជាសម្បត្តិបេតិភណ្ឌរបស់ជាតិ ជាគំរូ ដោយចាប់ផ្ដើមបន្តភាពល្បីល្បាញសម្រាប់យុគសម័យថ្មីរបស់យើង ដោយមិនត្រូវងាកទៅបំផ្លាញអ្វីដែលយើងមានរួចមកហើយនោះទេ ៕


