មេដឹកនាំសហភាពសហជីពកម្ពុជាបានឲ្យដឹងនៅថ្ងៃសៅរ៏នេះថា ផែនការធ្វើការតវ់ាដើម្បីឲ្យមានការតម្លើងប្រាក់ខែគោលដល់កម្មករកម្មការិនីខ្មែរ ដែលគ្រោងធ្វើថ្ងៃស្អែកទី ៣០ ធ្នូ នេះ នឹងពុំមានការប្រែប្រួលទេ។
លោក រ៉ុង ឈុន ដែលក៏ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែរនោះ បានថ្លែងប្រាប់ទស្សនាវដ្ដីសារព័ត៌មានសេរីថា ដោយយល់ថា «គម្រោងខាងដើមរបស់យើងអាចប៉ះពាល់ដល់អំឡុងការកាន់ទុក្ខសពអតីតព្រះមហាក្សត្រ យើងយល់ព្រមតាមសាលាក្រុង ធ្វើនៅទីលានប្រជាធិបតេយ្យ ពុំមានការប្រែប្រួលទេ។ ផ្ទុយទៅវិញយើងរំពឹងថា អាចនឹងមានអ្នកចូលរួមច្រើនលើសពីការព្រាងទុកពី ពីរទៅបីដង…»។
គម្រោងតវ៉ានេះធ្វើឡើងដើម្បីទាមទារឲ្យមានការតម្លើងប្រាក់ខែគោលដល់កម្មករ-កម្មការិនីខ្មែរពី៦១ដុល្លារសហរដ្ឋអាមេរិក ទៅដល់ ១៥០ដុល្លារ សហរដ្ឋអាមេរិក ដោយចាប់ផ្ដើមពី ឆ្នាំ ២០១៣ ទៅ ខណៈដែលសហជីពនេះ បានរកឃើញថា ប្រាក់ខែគោលសរបស់កម្មករ-កម្មការិនី កម្ពុជានៅមានកម្រិតទាបជាងឆ្ងាយ បើធៀបជាមួយប្រាក់ខែកម្មករនៅក្នុងប្រទេសដែលជាសមាជិកអាស៊ានដ៏ទៃទៀត នោះ៕



