ប្រធានរដ្ឋសភានៃប្រទេសកម្ពុជាលោក ហេង សំរិន នារសៀលថ្ងៃទី ២៨ ធ្នូ នេះបានយកគ្រឿងឥស្សរយសទៅបំពាក់ឲ្យអ្នកតំណាងរាស្ត្រ និង មន្រ្តីចំណានៗនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាសរុប១៦២រូប ។ តែក្រុមអ្នកតំណាងរាស្ត្រពីគណបក្សបក្សប្រឆាំងគឺគណបក្សសម រង្ស៊ី និង គណបក្សសិទ្ធិមនុស្សដែលមានចំនួន២៩រូប បានបដិសេធមិនទទួលយកគ្រឿងឥស្សរយសដែលជាមេដាយនោះទេ ដោយលើកឡើងថា គេគួរតែប្រគលទៅឲ្យអ្នកដែលបានការពារផលប្រយោជន៏ជាតិដោយពិតប្រាកដ។
លោក ឡុង រី អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងប្រាប់ទស្សនាវដ្ដីសារព័ត៌មានសេរីថា «គេគួរតែប្រគល់គ្រឿងឥស្សរយស និង មេដាយទាំងអស់នេះ ទៅឲ្យរាស្ត្រខ្មែរទូទៅ មិនមែនសម្រាប់តែអ្នកធំទេ អ្នកតូចតាចក៏ដោយ ឲ្យតែគេមានគុណបំណាច់ជាមួយជាតិ ឲ្យតែគេចេះស្រលាញ់ជាតិទឹកដី…»។
គួរបញ្ជាក់ថា នេះគឺជាការបំពាក់មេដាយកិត្តិយសការងារលើកទី២ហើយសម្រាប់សភានីតិកាលទី៤ ដល់ក្រុមអ្នកតំណាងរាស្ត្រក៏ដូចជាក្រុមមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលកាលពីលើកទីមួយក៏ត្រូវទទួលការបដិសេធពីក្រុមអ្នកតំណាងរាស្ត្រ គណបក្សប្រឆាំងផងដែរ៕



