រោងចក្រចម្រាញ់ប្រេងកាតដំបូងបង្អស់របស់កម្ពុជា អាចនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៥ខាងមុខ ដោយមានលទ្ធភាពផលិតប្រេងបាន៥លានតោនក្នុងមួយឆ្នាំ។ នេះបើតាមការអះអាងរបស់នាយកក្រុមហ៊ុន Sinomach China Perfect Machinery industry Corp. Ltd ក្នុងពិធីចុះកិច្ចព្រមព្រៀងស្តីពីការសាងសង់ និងប្រតិបត្តិការរោងចក្រចម្រាញ់ប្រេងកាត រវាងអាជ្ញាធរជាតិប្រេងកាតកម្ពុជា និងក្រុមហ៊ុនខេមបូឌាន ភេត្រូខេមីខល ខូលអិលធីឌី កាលពីព្រឹកមិញ។
បើតាមសេចក្តីប្រកាស ក្រុមហ៊ុនខេមបូឌាន ភេត្រូខេមីខល ខូល អិលធីឌី ជាក្រុមហ៊ុនក្នុងស្រុក បានសហការជាមួយក្រុមហ៊ុនដៃគូពីប្រទេសចិន គឺក្រុមហ៊ុន Sinomach China Perfect Machinery industry Corp. Ltd ធ្វើការវិនិយោគសាងសង់រោងចក្រចម្រាញ់ប្រេងកាត់តម្លៃ២៣០០លានដុល្លារអាមេរិក សម្រាប់ផលិតកម្ម៥លានតោនក្នុងមួយឆ្នាំ។
លោក សុខ អាន ប្រធានអាជ្ញាធរប្រេងកាតជាតិកម្ពុជា ដែលជាភាគីហត្ថលេខា ជាមួយលោក ស៊ី គង់ទ្រីវ ប្រធានក្រុមហ៊ុនខេមបូឌាន ភេត្រូខេមីខល ខូអិលធីឌី បានសម្តែងសេចក្តីសង្ឃឹមថា រោងចក្រចម្រាញ់ប្រេងកាតដំបូងគេរបស់កម្ពុជានេះ ពិតជាអាចបំពេញតម្រូវការរបស់ប្រទេសកម្ពុជា ដែលត្រូវការប្រេងចំនួន១លានតោនក្នុងមួយឆ្នាំៗដោយតម្លៃសមរម្យ។
ស្របគ្នានេះ លោក ស៊ី គង់ទ្រីវ ប្រធានក្រុមហ៊ុនខេមបូឌាន ភេត្រូខេមីខល ខូអិលធីឌី ក៏បានថ្លែងឲ្យដឹងដែរថា បន្ទាប់ពីរោងចក្រចម្រាញ់ប្រេងនេះសាងសង់រួច ប្រទេសកម្ពុជានឹងអាចក្លាយខ្លួនជាប្រទេសផលិតប្រេង និងឈានទៅធ្វើជានាំប្រេងចេញទៅទីផ្សារពិភពលោក។ ជាមួយគ្នារោងចក្រនេះ បានបង្កើតការងារថ្មីជូនប្រជាជនកម្ពុជាប្រមាណ៤០០០នាក់ ព្រមទាំងបានបង្កើនមុខចំណូលពន្ធដារថ្មីបន្ថែមទៀត សម្រាប់ខ្ទង់ចំណូលថវិកាជាតិរបស់ប្រទេសកម្ពុជាផងដែរ៕



