ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកកាលពីរសៀលថ្ងៃម្សិលមិញ បានសម្តែងការជំទាស់យ៉ាងខ្លាំងក្លា ចំពោះការសម្រេចដែលនឹកស្មានមិនដល់របស់សាលាឧទ្ធរណ៍ ដោយតម្កល់សាលក្រមរបស់សាលាដំបូងក្រុងភ្នំពេញដែលមិនយុត្តិធម៌ ផ្តន្ទាទោស ប៊ន សំណាង និង សុខ សំអឿន ឲ្យជាប់ពន្ធនាគារម្នាក់ៗ២០ឆ្នាំឡើងវិញ ចំពោះករណីបាញ់សម្លាប់លោក ជា វិជ្ជា កាលពីឆ្នាំ២០០៤។
លោក មឿន តុលា ប្រធានផ្នែកកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បាននិយាយថា សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ចំពោះ ប៊ន សំណាង និង សុខ សំអឿន នេះ គឺមិនបានអនុវត្តទៅតាមគោលការណ៍យុត្តិធម៌ និងនីតិរដ្ឋនោះទេ។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងថា សវនាការរបស់សាលាឧទ្ធរណ៍ដ៏លឿន ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ មិនបានផ្តល់នូវភស្តុតាងថ្មី ដែលអាចនឹងត្រូវបានប្រើដើម្បីបង្ហាញពីពិរុទ្ធភាពរបស់ ប៊ន សំណាង និង សុខ សំអឿន នោះទេ។ ប៉ុន្តែចៅក្រមទាំងឡាយបានសម្រេចថា អ្នកទាំងពីរមានពិរុទ្ធ ដោយផ្អែកលើសាក្ខីកម្មជាលាយល័ក្ខអក្សររបស់អតីតមន្រ្តីនគរបាល។ ដែលការនេះ ចៅក្រមទាំងអស់បានសម្រេចបដិសេធជាលក្ខណៈប្រព័ន្ធ និងព្រងើយកន្តើយលើភស្តុតាង និងសាក្ខីកម្មនានា ដែលគាំទ្រ ប៊ន សំណាង និង សុខ សំអឿន រួមមាន ៖
- សាក្សីផ្ទាល់ភ្នែកតែម្នាក់នៅក្នុងអំពើឃាតកម្មនេះ (អ្នកលក់កាសែត ដែលបានឈរជិតលោក ជា វិជ្ជា នៅពេលដែលលោកត្រូវបានគេសម្លាប់) ដែលបានបង្ហាញថា លោក ប៊ន សំណាង និងសុខ សំអឿន មិនមែនជាឃាតករ ដូចដែលនាងបានឃើញកាលពីថ្ងៃនោះទេ។
- អតីតអ្នកដឹកនាំការស៊ើបអង្កេតករណីឃាតកម្មនេះ ដែលជាអតីតអគ្គស្នងការនគរបាលរាជធានីភ្នំពេញ លោក ហេង ពៅ (បន្ទាប់ពីបានបាត់បង់តំណែងដ៏មានអំណាច) ដែលបានបង្ហាញថា លោក ប៊ន សំណាង និងសុខ សំអឿន មិនមែនជាឃាតករនោះទេ។
- សាក្សីផ្ទាល់ភ្នែក ដែលបង្ហាញថា លោក ប៊ន សំណាង ស្ថិតនៅខេត្តព្រៃវែង ដែលមានចម្ងាយ ៦០គីឡូម៉ែត្រពីរាជធានីភ្នំពេញ នៅខណៈពេលដែលមានអំពើឃាតកម្មកើតឡើង។
- ការធ្វើទារុណកម្មដោយមន្ត្រីនគរបាលទៅលើលោក ប៊ន សំណាង ដើម្បីគម្រាមឲ្យឆ្លើយសារភាពជាបឋម ហើយដែលក្រោយមកលោកបានធ្វើការកែតម្រូវភ្លាមៗ។
- សាក្សីម្នាក់បានបង្ហាញថា នៅពេលមានអំពើឃាតកម្ម លោក សុខ សំអឿន កំពុងតែនៅជាមួយលោក និងមិត្តភក្តិមួយចំនួនទៀត។
អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសិទ្ធិមនុស្សលីកាដូ បាននិយាយថា សាលដីការបស់សាលាឧទ្ធរណ៍កាលពីថ្ងៃម្សិលមិញ គឺជាការបន្ថែមលើសោកនាដកម្មជាច្រើន ដែលបានកើតឡើងនៅក្នុងឆ្នាំ២០១២ ហើយធ្វើឲ្យឆ្នាំនេះ គឺជាឆ្នាំដែលអាក្រក់បំផុតក្នុងអំឡុងពេលមួយទសវត្សរ៍នេះទៅលើស្ថានភាពសិទ្ធិមនុស្ស និងនីតិរដ្ឋ។ «យើងខ្ញុំសូមធ្វើការជំរុញឲ្យតុលាការកំពូល សូមមេត្តាធ្វើការផ្លាស់ប្តូរទៅរកភាពដើមវិញ នូវសេចក្តីសម្រេចនេះ និងបញ្ចប់សកម្មភាពគួរឲ្យអស់សំណើចនេះ ដោយធ្វើការសម្រេចឲ្យអ្នកទាំងពីរ (ប៊ន សំណាង និង សុខ សំអឿន) គ្មានពិរុទ្ធទៅលើបទល្មើសព្រហ្មទណ្ឌ ដែលអ្នកទាំងពីរមិនបានប្រព្រឹត្ត»៕



