ក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជាមានផែនការរួចហើយ ដើម្បីកោះហៅប្រធានតុលាការកំពូលមកសាកសួរអំឡុងខែ មករា ឆ្នាំ ២០១៣ ខាងមុខ ជុំវិញភាពខុសគ្នារវាងករណីលោក ឈូក បណ្ឌិត ដែលត្រូវបានតុលាការលើកលែងបទចោទប្រកាន់ និងករណី លោក ម៉ម សូណង់ដូ រួមទាំងសកម្មជនដីធ្លីដ៏ទៃទៀត ដែលត្រូវបានតុលាការសម្រេចឲ្យជាប់ពន្ធនាគារ។
លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីបានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានកាលពីម្សិលមិញថា លោកនឹងដាក់លិខិតទៅលោក ហេង សំរិន ប្រធានរដ្ឋសភានាថ្ងៃទី ២៨ ធ្នូ ស្អែកនេះ ដើម្បីសុំឲ្យកោះហៅលោក ឌិត មន្ទី ប្រធានតុលាការកំពូលចូលមកបំភ្លឺជុំវិញការសម្រេចលើកលេងការចោទប្រកាន់លោក ឈូក បណ្ឌិត និង ការដាក់ទោសលោក ម៉ម សូណង់ដូ និង សកម្មជនដីធ្លីដ៏ទៃទៀត។
លោក សុន ឆ័យ បានបញ្ជាក់ថា «យើងហៅលោក ឌិត មន្ទី មកសាកសួរដើម្បីដាក់ពិន័យទៅលើចៅក្រមនិងព្រះរាជអាជ្ញាណា ដែលបំពេញការងារមិនត្រឹមត្រូវ និង មិនយុត្តិធម៌ ស្តាប់តែបញ្ជារដ្ឋាភិបាល»។
លោក ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវ៉ិត នៃ ខេត្ត ស្វាយរៀង ត្រូវបានព្រះរាជអាជ្ញាអមតុលាការខេត្តស្វាយរៀងទម្លាក់ចោលការចោទប្រកានទាក់ទងករណីបាញ់កម្មការិនី៣នាក់ឲ្យរងរបួសធ្ងន់ ។ដែលបញ្ហានេះ ផ្ដើមឲ្យមានការរិៈគន់ជាសាធារណៈ ចំពោះនិទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា៕



