ប្រទេសកម្ពុជាបច្ចុប្បន្នមានអ្នកប្រើប្រាស់ទូរស័ព្ទចល័តចំនួនជាង២០លានគ្រឿង និងទូរស័ព្ទខ្សែចំនួនជាង៥ពាន់គ្រឿង ខណៈដែលប្រជាជនកម្ពុជាមានចំនួនតែជាង១៤,៧លាននាក់ប៉ុណ្ណោះ។ នេះបើតាមការថ្លែងឲ្យដឹងរបស់លោក សូរ ឃុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
បើតាមលោក សូរ ឃុន នៅប្រទេសកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនទូរស័ព្ទកំពុងប្រតិបត្តិការចំនួន៨។ ហើយសេវាទូរស័ព្ទអចល័តបានគ្របដណ្តប់ប្រមាណ៨០ភាគរយនៃផ្ទៃប្រទេស។
ចំពោះការរីកចម្រើននៃវិស័យទូរគមនាគមន៍ក្នុងប្រទេសកម្ពុជានេះ លោក កែវ វុឌ្ឍិន រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍បានឲ្យដឹងថា ក្នុងរយៈពេល១១ខែឆ្នាំ២០១២នេះ ក្រសួងប្រៃសណីយ៍រកចំណូលបាន២០,៥លានដុល្លារអាមេរិក លើសផែនការកំណត់ដែលត្រឹម១៧,៥លានដុល្លារអាមេរិកប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមគម្រោង រដ្ឋាភិបាលគ្រោងនឹងចុះបញ្ជីក្រុមហ៊ុនទូរគមនាគមន៍កម្ពុជាទៅក្នុងផ្សារភាគហ៊ុន។ ប៉ុន្តែបើតាមលោក សូរ ឃុន ពេលវេលាជាក់លាក់ នៃការចូលទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជានៅមិនទាន់ជាក់លាក់នៅឡើយទេ ព្រោះកំពុងស្ថិតក្នុងការវាយតម្លៃទ្រព្យសម្បត្តិ៕



