
លោក ណៅ ធួក និង លោក ប៉ោ ទ្រី ចុះ ពិនិត្យ ការ ធ្វើ អធិ ការ កិច្ច ការ នេ សាទ ខុស ច្បាប់ នៅ ខេត្ត កំពង់ ចាម កាល ពី ថ្ងៃ ទី ១៨ ធ្នូ
ការនេសាទទ្រង់ទ្រាយធំយ៉ាងអនាធិបតេយ្យដោយក្រុមឈ្មួញទុច្ខរិត ដែលអាងខ្នងអ្នកមានអំណាច កំពុងត្រូវបានបង្រ្កាបតាមរយៈអនុសាសន៍របស់ឧបនាយករដ្ឋមន្រ្តី យឺម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។
កាលពីថ្ងៃ១៨ធ្នូ លោកណៅ ធួក ប្រធានរដ្ឋបាលជលផល និងលោកប៉ោ ទី្រ រដ្ឋលេខាធិការក្រសួងកសិកម្ម បានចុះត្រួតពិនិត្យការធ្វើអធិការកិច្ចលើបង្រ្កាបបទល្មើសនេសាទនៅខេត្តកំពង់ចាម។
មន្រ្តីរដ្ឋបាលជលផល បានអោយដឹងថា ការចុះធ្វើអធិការកិច្ចការបង្រ្កាបបទល្មើសនេសាទនេះធ្វើឡើងនៅតាមចំណុចសំខាន់ៗក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មានជាអាទិ័ ចំណុចបឹងបាក់រទេះ ស្ថិតក្នុងភូមិអូរស្វាយ ឃុំព្រែកកុយ ស្រុកកងមាស ឃុំរាំងជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ ។
មន្ត្រីដដែលបានអោយដឹងថា លទ្ធផលក្នុងការបង្ក្រាបបាននៅក្នងដំណើរធ្វើអធិការកិច្ចលើអធិការកិច្ចនេះគឺគេបានរឹបអូសនូវឡូស្បៃមុង១០ឡូត៍ ប្រវែង៥០០ម៉ែត្រ អួនស្បៃមុងមួយគ្រឿង ប្រវែង១០០ម៉ែត្រ របាំងត្រចៀកដំរី៣កន្លែង ប្រវែង៣០ម៉ែត្រ ។ លើសពីនេះ ប្រតិភូពិនិត្យអធិការកិច្ចបានបញ្ជាអោយចាក់ត្រីចំរុះ ទម្ងន់៥០គីឡូក្រាមទៅក្នុងអាងធម្មជាតិ និងចាប់បានជនល្មើសចំនួន១នាក់ដើម្បីយកទៅអប់រំណែនាំ ។
ក្រុមត្រួតពិនិត្យអធិការកិច្ចនេះក៏បានចុះទៅតាមបណ្តាចំណុចគោលដៅត្រួតពិនិត្យមួយចំនួនទៀត ដូចជានៅស្រុកកោះធំ ខេត្តកណ្តាល ជាដើម ។ នេះបើយោងតាមមន្រ្តីនៃក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។
នេះគឺជាការកត់សម្គាល់លើកដំបូងទៅលើចំណាត់ការដ៏ម៉ឺងម៉ាត់របស់ប្រធានក្រុមប្រឹក្សាដែលគ្រប់គ្រងក្រសួងចំនូន៦ នៃប្រទេសកម្ពុជាមួយនេះ ទៅលើការនេសាទ ខុសច្បាប់ទ្រង់ទ្រាយធំ បន្ទាប់ពីសំណុំរឿងពុករលួយឡូតិ៍នេសាទខុសច្បាប់នៅតាមបណ្តាខេត្តខ្លះមិនអាចបំបែកបាន ដោយសារតែស្តេចត្រាញ់ប្រចាំតំបន់មួយចំនួនមានខ្នងក្រាស់ៗ ដែលមន្ត្រីបង្រ្កាបបទល្មើសខ្លះមានការរួញរា មិនហ៊ានប៉ះពាល់ ។
យោងតាមប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រីអៀង មូលី អនុប្រធានទី១ នៃក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រុមការងារពិសេសមួយ រួម មានសមាសភាពពីក្រុមប្រឹក្សានេះ រដ្ឋបាលជលផល មន្រ្តីក្រសួងកសិកម្ម កងរាជអាវុធហត្ថ ប៉ូលីស អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ បានត្រូវបង្កើតឡើងតាមរយៈសេចក្តីសំរេចមួយរបស់លោកឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី ដើម្បីចុះពិនិត្យការបង្រ្កាបបទល្មើសនេសាទនៅតាមចំណុចកត់សម្គាល់មួយចំនួន បន្ទាប់ពីការដាក់ចេញនូវអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីខែវិច្ឆិកានេះ ។
ក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានអាណត្តិគ្រប់គ្រងក្រសួងចំនួន៦ រួមមានក្រសួងកសិកម្ម អភិវឌ្ឍន៍ជនបទ សុខាភិបាល បរិស្ថាន ធនធានទឹក និងគមនាគមន៍, នេះបើយោងតាមប្រសាសន៍របស់លោកទេសរដ្ឋមន្រ្តីអៀង មូលី ៕


