មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅថ្ងៃសុក្រនេះ បានធ្វើការអំពាវនាវមួយដល់នាយករដ្ឋមន្រ្តីជប៉ុន ដែលទើបនឹងជាប់ឆ្នោតថ្មីគឺលោក ហ្ស៊ីនហ្សូ អាបេ ឲ្យនិយាយថែមទៀតពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ខណៈប្រទេសនេះគឺជាម្ចាស់ជនួយធំមួយរបស់ប្រទេសកម្ពុជានោះ។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា ប្រទេសជប៉ុនបានដើរតួនាទីដ៏សំខាន់ជាយូរណាស់មកហើយក្នុងការផ្តល់នូវមូលនិធិដល់កម្ពុជា ទោះជាប្រទេសជប៉ុនពុំសូវមានកំណត់ត្រាល្អក្នុងលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្តី។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបន្តថា ប្រសិនជាប្រទេសជប៉ុនបន្តផ្តល់ជំនួយដែល «ពុំមានភ្ជាប់ចំណង» និយាយម្យ៉ាងទៀត ការអនុវត្តន៍តាមគំរូរបស់ប្រទេសចិននោះ មិនត្រឹមតែសិទ្ធិមនុស្សនឹងត្រូវបានបន្តរំលោភបំពាននោះទេ តែជំនួយទាំងនោះ ក៏នឹងបង្កើត និងបណ្តុះឲ្យមានវប្បធម៌ពឹងផ្អែកប្រទេសដទៃទាំងស្រុង។ តែផ្ទុយទៅវិញ ប្រសិនបើប្រទេសជប៉ុនអាចដាក់សម្ពាធជាក់លាក់លើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍ និងពង្រឹងនីតិរដ្ឋក្នុងប្រទេសកម្ពុជា ហើយបើប្រទេសជប៉ុនដាក់លក្ខខណ្ឌលើជំនួយ និងវិនិយោគទុន នៅគ្រាដែលខ្លួនមានសិទ្ធិធ្វើយ៉ាងដូច្នោះ នោះបញ្ហានេះនឹងមិនត្រឹមតែបម្រើឲ្យប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ តែថែមទាំងបម្រើឲ្យធុរកិច្ចទាំងឡាយរបស់ជប៉ុន ដែលសង្ឃឹមថា នឹងវិនិយោគនៅប្រទេសកម្ពុជាផងដែរ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ប្រទេសជប៉ុនមិនត្រូវខ្លាចក្នុងការលើកឡើងប្រឆាំងនឹងការរំលោភបំពានសិទ្ធិមនុស្សជាច្រើន ដែលកំពុងតែកើតមានឡើងក្នុងប្រទេសកម្ពុជាជាប្រចាំនោះទេ។ ក្នុងនាមជាមិត្ត និងសម្ព័ន្ធមិត្តអស់ជាច្រើនទស្សវត្សរ៍មកហើយនោះ ប្រជាពលរដ្ឋខ្មែរទន្ទឹងមើលប្រទេសជប៉ុន ដូចជាភ្លើងសញ្ញានៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ…»។ «ប្រទេសជប៉ុនមិនត្រូវឲ្យកម្ពុជាធ្លាក់ថមថយនោះទេ និងគួរតែចាប់ផ្តើមប្រើនូវអនុភាពរបស់ខ្លួន ក្នុងការជួយជម្រុញការអភិវឌ្ឍន៍នៅកម្ពុជា»៕



