ជិតមួយឆ្នាំហើយ ដែលបណ្ដាមជ្ឈដ្ឋានជាតិ និង អន្តរជាតិបានផ្ចង់អារម្មណ៏យ៉ាងយកចិត្តទុកដាក់ទៅលើសំណុំរឿងរបស់អតីតអភិបាលក្រុងបាវ៉ិត ដែលបានប្រើកាំភ្លើងបាញ់ទៅលើកម្មករឲ្យរងរបួសធ្ងន់ថា តើកម្ពុជាដែលត្រូវបានអះអាងថា ជានីតិរដ្ឋនឹងចាត់ការរឿងនេះដោយរបៀបណា ?
នៅក្នុងប្រទេសកម្ពុជាការបាញ់បោះសេរី ដោយមិនប៉ះពាល់ដល់មនុស្ស គឺត្រូវប្រឈមនឹងទោសព្រហ្មទណ្ឌរូចទៅហើយ ។ តែទំនងលើសពីនេះលោក ឈូក បណ្ឌិត បានបាញ់ធ្វើឲ្យកម្មការិនី៣នាក់រងរបូសធ្ងន់ អំឡុងកូដកម្មមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Manhatan កាលពីថ្ងៃទី ២០ខែកុម្ភៈឆ្នាំ២០១២ ។
ភ្លាមៗបន្ទាប់ពីការបាញ់លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសយ៉ាងច្បាស់ណាស់ថា គឺមានតែលោក ឈូក បណ្ឌិត ម្នាក់គត់ជាអ្នកទទួលខុសត្រូវចំពោះការបាញ់នេះ ។ លើសពីនេះទៀតក្រុមរបស់លោក ឈូក បណ្ឌិត ក៏បានស្វះស្វែងរកការសម្របសម្រួលជាមួយជនរងគ្រោះ ដោយស្នើសុំឲ្យទម្លាក់ចោលការប្ដឹងផ្ដល់ដោយប្ដូរមកទទូលយកសំណងជំនួសវិញ។នេះជាការបញ្ជាក់បានថា សូម្បីតែលោក ឈូក បណ្ឌិត ខ្លួនឯងក៏បានទទួលស្គាល់ដែរថាលោក ពិតជាបានប្រព្រឹត្តកំហុសបែបនោះមែន។
ប៉ុន្តែវាបានក្លាយទៅជារឿងគួរឲ្យភ្ញាក់ផ្អើល កាលពីម្សិលមិញលោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានចេញមុខមកអះអាងថា ដោយគ្មានភស្តុតាងគ្រប់គ្រាន់លោក ឈូក បណ្ឌិត ត្រូវបានតុលាការ លើកលែងការចោទប្រកាន់ហើយ តាំងតែពីសប្ដាហ៏មុនម៉្លេះ ។
ការសម្រចនេះបានធ្វើឲ្យមានភាពភាន់ភាំងយ៉ាងខ្លាំង ចំពោះតម្លៃនីតិរដ្ឋនៅកម្ពុជាថា តើមានន័យដូចម្ដេច ? ដែលជាមួយគ្នាវាក៏បានជះឥទ្ធិពលដ៏អាក្រក់ផងដែរទៅលើមេដឹកនាំខ្មែរដែលជាញយដងធ្លាប់បានប្រើពាក្យ ” កម្ពុជា ជា នីតិរដ្ឋ ” ឬជា រដ្ឋដែលយកច្បាប់ជាធំ , តើទិដ្ឋភាពបៃបនេះឬដែលបញ្ជាក់ពីការគោរពច្បាប់ ? ៕



