ក្រុមអ្នកផលិតបន្លែសរុបចំនួន ៥៥ នាក់មកពីខេត្តចំនួន ៤ រួមមានខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ និង កំពត បាននិងកំពុងជួបជុំគ្នា ដើម្បីចែករំលែកនូវបទពិសោធន៍ និងឆ្លុះបញ្ចាំងពីការងារផលិតបន្លែសរីរាង្គក្នុងឆ្នាំ ២០១២ ចាប់ពីថ្ងៃព្រហស្បត្តិ៍ទី ១៣ ដល់ ថ្ងៃសុក្រទី ១៤ ខែ ធ្នូ ឆ្នាំ ២០១២ នៅសណ្ឋាគារ ឌីយ៉ាម៉ង់ ខេត្តកំពត ក្រោមការរៀបចំរបស់អង្គការសេដាក និងអង្គការអភិវឌ្ឍន៍អាឡឺម៉ង់ (ជីអាយហ្សេត GIZ)។
លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាកបាននិយាយថា «ដើម្បីចូលរួមចំណែកពង្រឹង ឧស្សាហកម្មបន្លែ ដែលកំពុងមានការរីកចំរើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមទីប្រជុំជន និងដែលបានធ្វើឱ្យតំរូវការបន្លែមានការកើនឡើងខ្ពស់ អង្គការសេដាក បានខិតខំពង្រីកការគាំទ្រដាំបន្លែ បន្ថែមទៀតជាពិសេសបន្លែសរីរាង្គរបស់កសិករនៅទូទាំងប្រទេសកម្ពុជា»។ ដោយបានបន្ថែមថា «តាមរយៈអាជីពដាំបន្លែសរីរាង្គនេះ ប្រជាកសិករនឹងអាចបង្កើតឱកាសការងារជូនដល់ប្រជាជននៅមូលដ្ឋាន និងអាចរកប្រាក់ចំណូលបានបន្ថែម ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ហើយអ្នក បរិភោគក៏អាចទទួលបាននូវបន្លែប្រកបដោយសុវត្ថិភាពទទួលទានផងដែរ លើសពីនេះទៀត សេដ្ឋកិច្ចជាតិ នឹងមានការរីកចំរើនបន្ថែមទៀត តាមរយៈការកាត់បន្ថយបាននូវការហូរលុយចេញពីប្រទេស ដើម្បីទិញបន្លែនាំចូល»។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៣ មក អង្កការសេដាក ក្រោមកិច្ចសហការជាមួយ អង្គការអភិវឌ្ឈន៍អាឡឺម៉ង់ (ជីអាយហ្សេត) បានគាំទ្រអ្នកផលិតបន្លែសិរីរាង្គតាមរយៈការបណ្តុះបណ្តាលបច្ចេកទេស ការបង្កើតបណ្តាញ ក្រុមអ្នកផលិត ការធ្វើពិសោធន៍ ដើម្បីការកែប្រែបច្ចេកទេស និងការផ្សារភ្ជាប់អ្នកផលិតមកកាន់ទីផ្សារ ជាដើម។ ហើយបច្ចុប្បន្នអង្គការសេដាកបានរៀបចំចងក្រងក្រុមកសិករអ្នកផលិតបន្លែសរីរាង្គសំរាប់បរិភាគនិងលក់មកទីផ្សារភ្នំពេញបាន ចំនួន ១០០នាក់ នៅក្នុងខេត្តចំនួន ៤ រួមមាន ខេត្តកំពត តាកែវ កំពង់ស្ពឺ និងកំពង់ឆ្នាំង ដែលអាចផ្គត់ផ្គង់បន្លែសរីរាង្គបានប្រមាណពី ២០០ទៅ ៥០០គីឡូក្រាមក្នុងមួយថ្ងៃមកកាន់ទីផ្សារ ក្នុងទីក្រុងភ្នំពេញ៕


