មកដល់សម័យដ៏ទំនើបនេះហើយ ប្រទេសកម្ពុជា នៅមិនទាន់ដើរចូលដល់ទីលាន នៃកិត្តិយសនៅឡើយទោះជាពីរបីទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញមាន ដុះដាលព្រោងព្រាត នូវហេដ្ឋារចនាសម្ព័ន្ធល្អៗរួមនិងសេដ្ឋកិច្ច ដែលកំពុងតែលូតលាស់ជាបណ្តើរៗហើយក៏ដោយ។ រាស្ត្រមានភ្នែកមើលឃើញរូបភាពនេះ តែសង្គមខ្មែរទាំងមូល នៅគ្រប់ជនបទ គ្រប់ទីកន្លែងភូមិស្រុកខេត្តខ័ណ្ឌ រាស្ត្រខ្មែរភាគច្រើនជាទូទៅ មានការញញើតញញើម រអើលខ្នង ក្នុងការនិយាយបូរបាច់ពីអារម្មណ៍ហ្មួរហ្មងរបស់គេ ដែលទាក់ទងដល់ការរិះគន់រាជរដ្ឋាភិបាលខ្មែរបច្ចុប្បន្ន។ ការខ្លាចរអាយ៉ាងនេះ ជាការបាត់បង់ភាពសឿងបឿងនិងកិត្តិយស រស់ក្នុងភាពជា«មនុស្ស» នាសម័យទំនើប នៃជនជាតិខ្មែរ ហើយក៏ជាការបាត់បង់កិត្តិយស ចំពោះ«ពូជសាសន៍ខ្មែរ» ដែលធ្លាប់មានអរិយធម៌ខ្ពស់ កេរ្តិ៍ឈ្មោះល្អរុងរឿងកាលពីព្រេងនាយក្នុងតំបន់អាស៊ីអាគ្នេយ៍។
កលិយុគក្នុងស្រុកទេស ក៏បានកន្លងហួសទៅ តែបន្សល់ទុកនៅអនុស្សាវរីយ៍ មហាគ្រោតគ្រាតជូរចត់ ក្នុងអារម្មណ៍យើងរាល់គ្នា ដែលជាខ្មែរជំនាន់មុន។ យើងយំអត់ចេញទេ តែយើងអួលដើម ក ហើយទឹកភ្នែករកកល់នឹងហូរស្រក់ចុះម្តងៗ ពេលយើងអង្គុយតែឯង ក្នុងទីស្ងប់ស្ងាត់មួយ ហើយចាប់ផ្តើមនឹកឃើញរឿងរ៉ាវដែលកន្លងទៅ។ យើងនឹករឿងដើម… យើងនឹកដល់អ្នកជាទីស្រឡាញ់របស់យើង ដែលទទួលរងគ្រោះ ហើយស្លាប់ទៅយ៉ាងវេទនា យ៉ាងកណ្តោចកណ្តែងជាទីបំផុត។ ការនឹករឭកមិនចប់មិនហើយ ដែលជួនកាលទឹកភ្នែកក៏ហូរស្រក់ចុះ ទាំងមិនដឹងខ្លួន។ យើងសួរខ្លួនឯងថា ឯណាទៅសេចក្តីសុខរបស់ខ្មែរ? ឯណាទៅកិត្តិយស នៃជនជាតិខ្មែរ ដែលរស់ក្នុង«ភាពជាមនុស្ស»នឹងគេ? យើងមិនយល់សោះទេ សេចក្តីវេទនាអាប់ឱនទាំងនេះ ដែលនៅតែគ្របដណ្តប់លើជីវិតយើង។ យើងឆ្ងល់ហើយយើងចង់ដឹង ថាតើមានកត្តាអ្វីខ្លះដែលធ្វើឲ្យយើងរបូតធ្លាក់ឆ្ងាយ ពីភាពថ្កុំថ្កើងរុងរឿង នាសម័យដើមនៃប្រវត្តិសាស្ត្រខ្មែរ? យើងស្តាយ…មហាស្តាយ ចំពោះឧត្តមភាពនៃខេមរៈជាតិ ដែលត្រូវខូចខាតបាត់បង់អស់ទៅ។
ឥឡូវ យើងបានចូលមកដល់យុគនៃសម័យទំនើប នាប្រវត្តិសាស្ត្រមនុស្សជាតិ ឆ្នាំ២០១២។ តែខ្មែរនៅតែរងទុក្ខវេទនាដោយអន្លើ តាមភូមិស្រុកខេត្តខ័ណ្ឌមួយចំនួន។ បានសេចក្តីថរាស្ត្រខ្មែរមួយចំនួន បានសុខសាន្តសប្បាយរីករាយ សើចក្អាកក្អាយ ជាមួយមិត្តភក្តិនិងក្រុមគ្រួសារជារឿយៗ ខណៈដែលខ្មែរមួយចំនួនទៀតទួញយំសោកសង្រេងដោយប្រការផ្សេងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ គេកំពុងជួបប្រទះ ភាពវេទនាក្នុងជីវិតដោយសារហេតុផលផ្លែកៗគ្នា។ ការមានជីវិត ហើយទទួលរងទុក្ខតាមដំណើរធម្មជាតិ គឺជារឿងធម្មតារបស់សត្វលោកជាទូទៅ នៅលើផែនដី។ តែការដែលរាស្ត្រទទួលទារុណកម្ម ទាំងចិត្តទាំងកាយ យ៉ាងអយុត្តិធម៌ពីសំណាក់អ្នកអភិបាលរដ្ឋ ដែលបានទទួលសន្លឹកឆ្នោតច្រើន ហើយមានកាតព្វកិច្ចជាអ្នកជួយដោះស្រាយបញ្ហាជីវិតដ៏គ្រោតគ្រាតរបស់រាស្ត្រ គឺជារឿងបញ្ច្រាសទិស ហើយជាហេតុផលមិនអាចទទួលបាន នៅចំពោះមតិជាតិ និងអន្តរជាតិ។ គឺជាអំពើដែលគួរឲ្យថ្កោលទោស ស្អប់ខ្ពើម និងប្រមាថមើលងាយយ៉ាងស្ងៀមស្ងាត់ផងដែរ។
នេះជាទិដ្ឋភាពពិតប្រាកដជាក់ស្តែង ក្នុងសង្គមខ្មែរបច្ចុប្បន្ន។ ហើយនេះក៏ជាលទ្ធផលមួយ ដែលផ្តល់ឲ្យដោយការគាបសង្កត់ការបញ្ចេញយោបល់ផ្សេងៗ ទាក់ទងដល់ការដុសខាត់សង្គមខ្មែរឲ្យបានភ្លឺថ្លាឡើង។ ពីព្រោះការគាបសង្កត់នេះ វាបាននិងកំពុងតែពន្លិប ការយល់ដឹងទាំងឡាយ ដែលចែកចាយដោយការមើលឃើញជ្រុងជ្រោយនៃបញ្ហាជាច្រើន ពីសំណាក់ទស្សនៈនានា ដែលរាស្ត្រខ្មែរ«ភាគតិច» បានខិតខំព្យាយាមលើកឡើងតាមការនិយាយផ្ទាល់មាត់ តទល់គ្នា ឬតាមការសរសេរផ្សាយតាមវិធីណាមួយ។
យើងពិនិត្យពិច្ច័យឲ្យបានយូរ ឲ្យបានយល់ច្បាស់ ពីភូមិសាស្ត្រនិងប្រវត្តិសាស្ត្រខ្មែរ បូករួមនិងព្រឹត្តិការណ៍បច្ចុប្បន្ន ដែលកំពុងតែកើតមានឡើង ក្នុងស្រុកខ្មែរ។ នោះយើងនឹងមើលឃើញ គ្រោះថ្នាក់ជាយថាហេតុ។ គឺជាមហាគ្រោះថ្នាក់ ដែលនឹងសង្គ្រុប ហើយសម្លាប់ខ្មែរ… ជាតិសាសន៍ខ្មែរ… ជាអវសាន្ត បើខ្មែរងងឹតភ្នែកមើលមិនយល់អ្វី ហើយមេដឹកនាំខ្មែរ មានចរិតកោងព្រហ៊ើន មិនបន្ទន់ឥរិយាបទ ឲ្យបានសមស្របទាន់ពេលវេលា ព្រោះខ្លួនមិនយល់ទាល់សោះ ពីតម្លៃនិងផ្លែផ្កានៃសេរីភាពមតិ។ សេរីភាពមតិ គឺជាអ្នកឈរចាំយាមយ៉ាងប្រយ័ត្នប្រយែង ជាទីបំផុត ឃ្លាំមើលអស់ទាំងដំណើរខ្យល់ព្យុះសង្ឃរា ដែលអាចបក់បោកមកលើសង្គមខ្មែរ ហើយប្រកាសស្រែកប្រាប់ខ្មែរ ឲ្យប្រុងប្រៀប«ឲ្យបានទាន់ពេលវេលា» ព្រោះការស្លាប់បាត់បង់ គឺពិតជាមិនវិលល្ងាចវិញទេ។ សូមមេដឹកនាំខ្មែរបច្ចុប្បន្ន មេត្តាប្រុងស្មារតីចំពោះសៀវភៅប្រវត្តិសាស្ត្រខ្មែរ។ ហើយក៏សូមឲ្យយល់ ពីជីវិតមនុស្សរាប់លាននាក់ ដែលដាក់វាសនាខ្លួន ក្នុងសតិបញ្ញានៃឥស្សរជនខ្មែរតែប៉ុន្មាននាក់នោះ។ យើងមិនអាចទៅគាស់ខ្មោច មេដឹកនាំខ្មែរ ដែលបណ្តាលឲ្យប្រទេសធ្លាក់ចុះ ក្នុងភាពអន្តរធាន យកមកនោមដាក់ ទាត់ធាក់ ឬកាត់សេចក្តីបានទេ។ ព្រោះពួកគេចូលដេក ក្នុងទីឃុំឃាំងព្រលឹងមនុស្សអស់ហើយ។ តែសេចក្តីតូចទាប និងភាពរងទុក្ខទោស គឺគេបានបន្សល់ទុកឲ្យខ្មែរ៕
ខ្ញុំ, ជូ លាងហាក់, នៅរដ្ឋអ៊ីលីណយ នៃស.រ.អា. អ៊ីមែល hakchou@hotmail.com


