ប្រហែលជា១០ថ្ងៃកន្លងមកហើយដែលក្រុមពលករបានលួចឆ្លងដែនដោយខុសច្បាប់នៅតាមច្រករបៀងដែលគ្រប់គ្រងដោយវរៈនគរបាលការពារព្រំដែនគោកលេខ៩១១ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក សូ ចាន់ណារី ជាពិសេសច្រកនៅជាប់ខាងក្រោយផ្ទះរបស់មេបញ្ជាការរងម្នាក់ដែលគេស្គាល់រហស្សនាមថា ប្រុសផែនដី ដោយមានការបើកភ្លើងខៀវ ពីសំណាក់ជនជាតិថៃឈ្មោះ ចែពិន ផងដែរ។
សកម្មភាពនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃពីខេត្តបន្ទាយមានជ័យនេះ គេសង្កេតឃើញមានពលករខ្មែរទាំងប្រុស ទាំងស្រី ក្មេង ចាស់ រាប់រយនាក់ត្រូវបានមេខ្យល់លួចនាំឆ្លងដែនដោយខុសច្បាប់ទៅស្រុកថៃជារៀងរាល់យប់តាមច្រករបៀងក្បែរកាស៊ីណូផ្កាយ៥ និងតាមច្រករបៀងក្រោយផ្ទះរបស់ឈ្មោះ ប្រុសផែនដី ដែលជាតំបន់គ្រប់គ្រងដោយវរៈការពារព្រំដែនគោកលេខ៩១១។
ជនជាតិថៃម្នាក់ឈ្មោះ ចែពិន ដែលប្តីរបស់គាត់ធ្លាប់ធ្វើជាកងតម្រួតនៅប៉ោយប៉ែតពាក់ស័ក្តិ៣ តែពេលនេះបានប្តូរទៅធ្វើការនៅបុរីរ៉ាមពាក់សក្តិ៤ ត្រូវគេដឹងថា គឺជាមេខ្លោងធំបំផុតក្នុងការរកស៊ីនាំមនុស្សឆ្លងដែនខុសច្បាប់ពីខេត្តបន្ទាយមានជ័យចូលទៅស្រុកថៃតាមច្រករបៀងដែលស្ថិតនៅតាមផ្លូវចេញទៅតាឡាត់កាប់ជ្រូកនៃផ្សារឡុងគឿ ពោលគឺតាមច្រកផ្សារបន្លែក្នុងទឹកដីថៃ។ ហើយបើនៅទឹកដីខ្មែរគឺស្ថិតនៅច្រករបៀងក្រោយកាស៊ីណូផ្កាយ៥ ខាងក្រោយផ្ទះរបស់ឈ្មោះ ប្រុសផែនដី។
គួរបញ្ជាក់ថា ការនាំមនុស្សឆ្លងដែននោះនៅពេលថ្ងៃមិនមានអ្វីគួរឲ្យកត់សម្គាល់ទេ តែនៅពេលយប់គេបានរៀបពោង ធ្វើជាក្បូនឬជាស្ពានសម្រាប់ឲ្យមនុស្សឆ្លងដែនដោយខុសច្បាប់។
ដោយឡែកសម្រាប់ពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់តាមច្រករបៀងនេះទៅធ្វើការនៅស្រុកថៃតាមរយៈ ចែពិន ពេលព្រឹកហើយវិលមកវិញនៅពេលល្ងាច គឺត្រូវបង់ប្រាក់ក្នុងម្នាក់២០ទៅ៣០បាត។ ប៉ុន្តែចំពោះពលករដែលចង់ទៅធ្វើការនៅស្រុកថៃរហូតដល់ក្រុងបាងកក គឺត្រូវបង់ប្រាក់ក្នុងម្នាក់ចំនួន៣០០០បាតឲ្យទៅមេខ្យល់ តែពួកគេមិនដែលធ្វើដំណើរដល់គោលដៅម្តងណាទេ។ ពួកគេតែងតែត្រូវអាជ្ញាធរថៃចាប់ទៅឃុំឃាំងនិងនាំទៅកាត់ទោសពីបទឆ្លងដែនខុសច្បាប់រងទុក្ខវេទនារកទីបំផុតគ្មាន៕



