គឺជារឿងរ៉ាវ គួរឲ្យទោមនស្ស ខឹងសម្បារ ដែលយើងដឹងថា មេដឹកនាំខ្មែរបច្ចុប្បន្ន មិនអើពើឬគ្មានសមត្ថភាពគ្រប់គ្រាន់ នឹងដឹកនាំប្រទេសជាតិ ឲ្យផុតពីការប្រមាថមើលងាយ ព្រមទាំងអំពើឈ្លានពានយ៉ាងកម្រោលជាអលជ្ជី និងយ៉ាងធូរលុងពីសំណាក់ជនជាតិវៀតណាម។
ការដែលរដ្ឋាភិបាលខ្មែរ មិនអើពើចំពោះមុខនៃការបាត់បង់ទឹកដីទៅក្នុងដៃជនជាតិក្បែរខាង គឺជាអំពើមិនសមស្រប នឹងពាក្យថា រដ្ឋាភិបាលខ្មែរមានចិត្តស្នេហាជាតិ ស្មោះត្រង់ឥតល្អៀងចំពោះមាតុប្រទេសរបស់ខ្លួន នៅគ្រប់កាលៈទេសៈ។ ព្រោះថា យោងតាមសេចក្តីរាយការណ៍ជារឿយៗ ពីសារព័ត៌មានវិទ្យុអាស៊ីសេរី រាជរដ្ឋាភិបាលខ្មែរ ក្រោមការដឹកនាំ នៃសម្តេចតេជោ ហ៊ុន សែន គឺបាននិងកំពុងតែធ្វើឲ្យប្រជារាស្ត្រខ្មែរ ជាតិសាសន៍ខ្មែរ ព្រមទាំងតួអង្គនៃរាជរដ្ឋាភិបាលខ្មែរផងដែរ ធ្លាក់ទៅក្នុងភាពអាប់ឱនកិត្តិយស ក្នុងឋានៈជាជនជាតិនៃរដ្ឋមួយដែលមានអធិបតេយ្យភាព និងឯករាជ្យ។ ហើយក៏វាមិនសមស្របទៅនឹងធម្មជាតិ របស់មនុស្សគ្រប់ៗសាសន៍ នៅលើផែនដី ដែលគេនឹងមិនដែលហ៊ានក្បត់សតិសម្បជញ្ញៈ របស់ផងខ្លួន តែគេហ៊ានតស៊ូប្តូរផ្តាច់ ក្នុងការទប់ទល់ការពារបូរណភាពទឹកដីរបស់ខ្លួន មិនឲ្យជនជាតិណាឈ្លានពាន ប្រមាថមើលងាយ នៅគ្រប់កាលៈទេសៈបានឡើយ។
តាមការសរសេររ៉ាយរ៉ាប់ ក្នុងសារព័ត៌មានវិទ្យុអាស៊ីសេរី យើងដឹងថា ជនជាតិវៀតណាមក្នុងប៉ុន្មានទសវត្សចុងក្រោយនេះ បាននិងកំពុងឈ្លានពានដីខ្មែរ យ៉ាងពេញទំហ៊ឹង យ៉ាងឥតកោតក្រែង យ៉ាងធូររលុងគ្មានការលំបាក ពីឧបស័គ្គ នៃការឃារឃាំងណាមួយ ពីសំណាក់រាជរដ្ឋាភិបាលខ្មែរទាល់តែសោះ។ គឺយួនចូលមកវាស់វែងយកដីខ្មែរ យ៉ាងងាយៗតែម្តង។ សួរថា តើហេតុអ្វី បានជារាជរដ្ឋាភិបាលខ្មែរ បណ្តែតបណ្តោយឲ្យមានឧប្បត្តិហេតុ ដ៏គួរឲ្យឈាមច្រាលរញ្ជួយចិត្តនេះ កើតឡើងនៅចំពោះភ្នែករបស់ខ្លួនយ៉ាងធូរល្ហុយដូច្នោះ? តើមានអាថ៌កំបាំង ឬហេតុផលយ៉ាងណា ដែលរាជរដ្ឋាភិបាលខ្មែរ ហាមមិនឲ្យរាស្ត្រខ្មែរសួរដេញដោល ពីវិបត្តទឹកដីដែលត្រូវយួន ចូលមកបោះបង្គោលបង្ខិតខ្សែព្រំដែន តាមតែអំពើចិត្តដូច្នោះ? សួរថា ឯណាទៅ ទឹកចិត្តស្នេហាជាតិមាតុភូមិ និងសកម្មភាពការពារទឹកដី នៃប្រទេសជាតិរបស់ខ្លួន ដែលជាកាតព្វកិច្ចចំបងរបស់រាជរដ្ឋាភិបាលខ្មែរ? មានកន្លែងបង្គោលព្រំដែនខ្លះ បានក្លាយទៅជានិវារណដ្ឋាន ដែលពលរដ្ឋខ្មែរមិនអាចចូលទៅពិនិត្យមើលបាន។ ព្រោះរាស្ត្រខ្មែរដែលរស់នៅទល់ដែនខ្មែរយួន ទាំងនោះ បានពោលអះអាងថា ពួកគេត្រូវបានទទួលការហាមប្រាមពីអាជ្ញាធរភូមិស្រុក មិនឲ្យទៅក្បែរបង្គោលសីមា ណាមួយសោះឡើយ។ តែរាជរដ្ឋាភិបាលខ្មែរ មានលោក វ៉ា គឹមហុង ជាអ្នកមុខអ្នកការខាងបញ្ហាព្រំដែន បានអះអាងតបវិញថា ខ្លួនបានទាំងកម្លាចិត្តជំរុញទឹកចិត្ត ឲ្យពលរដ្ឋខ្មែរទៅមើលទីនោះ។ ដូច្នោះឃើញថា ជាព័ត៌មានបញ្ច្រាសមិនស៊ីគ្នា។ មិនដឹងជាការពិតនៅត្រង់ណា។ ប៉ុន្តែពលរដ្ឋខ្មែរមួយចំនួនបាននិយាយបូរបាច់ស្រដៀងគ្នា ចំពោះការហាមប្រាមនោះ។
រឿងបូរណភាពទឹកដី ជារឿងធំ មហាធំ ដែលគ្មានជនជាតិណាមួយ ធ្វេសប្រហែសសោះឡើយ។
ប្លែកតែរាជរដ្ឋាភិបាលខ្មែរ ដែលមានទស្សនៈវិស័យ យ៉ាងចំឡែកអស្ចារ្យ ក្នុងកិច្ចថែរក្សាការពារទឹកដីនៃប្រទេសជាតិ មាតុភូមិរបស់ខ្លួន។ ឯណាទៅភក្តីភាព នៃរាជរដ្ឋាភិបាលខ្មែរ ចំពោះជាតិសាសន៍របស់ផងខ្លួន? នេះជាកំហុសធំជាងគេទាំងអស់ បើនឹងប្រៀបផ្ទឹមទៅនឹងកំហុសដទៃដែលកើតមានជារាល់ថ្ងៃ នៅក្នុងសង្គមនៃប្រទេសនិមួយៗ។ ហើយរាជរដ្ឋាភិបាល ហ៊ុន សែន នឹងរករឿងចាប់កំហុស ឬគម្រាមកំហែងពលរដ្ឋណា ដែលកោសរូសសួរដេញដោលរឿងនេះ។
អំពើនេះ មិនមែនជាការបម្រើផលប្រយោជន៍ ប្រជារាស្ត្រខ្មែរ ឬប្រទេសជាតិរបស់ខ្មែរសោះទេ។ តែជាការបម្រើផលប្រយោជន៍ជនជាតិយួនទៅវិញ។ ប៉ុន្តែកូនខ្មែរទាំងអស់ទាំងអ្នកចេះដឹងក៏ដូចជាអ្នកមិនចេះដឹង គឺគ្មានយោបល់អ្វីសោះឡើយ ក្នុងបញ្ហាដ៏មហាធំនេះ។ មហាធំគឺមានន័យថា វាធំយកតែមែនទែន… ធំជាងបញ្ហាអ្វីៗទាំងអស់ ក្នុងរឿងជាតិ។ ហើយកូនខ្មែរទាំងអស់ ក៏កំសាក ហើយគ្មានចិត្តក្លាហាន នឹងក្រោកឈរសួរដេញដោលមេដឹកនាំជាតិខ្លួនចំពោះវិបត្តិ ដ៏គួរឲ្យឈឺចាប់ និងគួរឲ្យអាម៉ាស់នេះដែរ។ ខ្មែរសុំសុខ តែសុខនឹងមិននៅឋិតឋេរជាមួយជីវិតខ្មែរ ជាយូរយារប៉ុន្មានទេ។ ហើយដោយសេចក្តីល្ងង់ខ្លៅ ហួសបត់របស់ខ្លួន ធ្វើឲ្យមនុស្សដទៃ គ្រវីក្បាលដើរចេញ មិនចង់ជួយអើពើ នឹងជីវិតតូចទាបរបស់ខ្មែរ ពេលខ្មែរមានទុក្ខ។ ខ្មែរខ្លាំងបានតែគ្នាឯងប៉ុណ្ណោះ ហើយបែរទៅយកសត្រូវជាមិត្តយ៉ាងរាក់ទាក់ល្អូកល្អឺន។
ម្យ៉ាងទៀត ហេតុអ្វីបានជាសារព័ត៌មានខ្មែរភាគច្រើន មិនសូវខ្វាយខ្វល់ ខិតខំយកចិត្តទុកដាក់តាមដានព្រឹត្តិការណ៍ ដ៏មហាសំខាន់ចំពោះជាតិមួយនេះ តែរវល់ច្រើនក្នុងការផ្សព្វផ្សាយរឿងផ្សេងៗ ដែលពុំសូវមានសារៈសំខាន់ទៅវិញ? តើយើងរាល់គ្នាមានអារម្មណ៍យ៉ាងណា ចំពោះបញ្ហាបាត់បង់ទឹកដី នៃប្រទេសជាតិ ដែលកំពុងប្រព្រឹត្តទៅនៅចំពោះភ្នែកនិងត្រចៀករបស់យើង? ឬមួយ ខ្មែរម្នាក់ៗកំពុងតែយល់ថា ខ្លួនតែម្នាក់ឯងគឺទូលផែនដីមិនរួចទេ ម្ល៉ោះហើយចេះតែសម្ងំស្ងៀម មិនអើពើ ឬរវីរវល់ធ្វើអ្វីទាំងអស់ ចាំមើលតែគេទៅបានហើយ? ព្រោះគេជឿថា អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកគង់។ ខ្មែរអើយ… ហ្នឹងហើយជាផ្នត់គំនិតដ៏ទន់ខ្សោយ គួរឲ្យអនិច្ចារបស់អ្នក។ គង់តែស្បែក តែជីវិតត្រូវធ្លាក់តូចទាប ត្រូវគេប្រមាថមើលងាយ ដូចសត្វធាតុ រស់នៅគ្មានតម្លៃ គ្មានកិត្តិយសជាមនុស្សនឹងគេ។ ប្រទេសជាតិ មាតុភូមិកាន់តែរួញតូចទៅៗ។ ខ្មែររស់ដូចត្រីនៅក្នុងស្រះ ដែលទឹករីងបន្តិចម្តងៗ តែកូនខ្មែរមិនខ្វាយខ្វល់អើពើ ឬក៏គ្មានសមត្ថភាពនឹងដោះស្រាយ ចរន្តជីវិតដែលកំពុងហូរទៅកាន់ សេចក្តីស្លាប់ជាអវសាន្ត។
នេះហើយជាស្មារតីទន់ខ្សោយនៃបុត្រធីតាខ្មែរ ដែលពូជពង្ស សាសន៍ខ្មែរ នឹងវិនាសសូន្យទៅហើយអ្នករាល់គ្នា ក៏នឹងវិនាសទៅទាំងអស់គ្នាដែរ… ដោយសារសេចក្តីកំសាកល្ងង់ខ្លៅ ក្នុងបេះដូងនិងសតិស្មារតីរបស់អ្នករាល់គ្នា។ អ្នករាល់គ្នារស់នៅរាល់ថ្ងៃ ឱបដៃសុំតែសុខ ប៉ុន្តែសេចក្តីសុខនឹងមិនស្ថិតនៅជាមួយមនុស្សដែលកំសាក ដូចអ្នករាល់គ្នានោះទេ។ ខ្សែប្រវត្តិសាស្ត្រ រួមនិងភស្តុតាងក្នុងជីវិត គឺយើងឃើញច្បាស់អស់មកហើយ… យើងបានសុខយ៉ាងណាខ្លះ? ដីខ្មែរពីដើមមានទំហំប៉ុន្មាន ហើយឥឡូវសល់ប៉ុន្មាន? ការមានសង្គ្រាម ដែលបណ្តាលឲ្យគេ បាត់បង់ទឹកដីគឺមានហេតុផលច្រើន។ តែការបាត់បង់ទឹកដី ដោយសារចិត្តកំសាកល្ងង់ខ្លៅ គឺមិនមែនជាធម្មជាតិរបស់មនុស្សនោះទេ។ តែជាធម្មជាតិរបស់សត្វ ដែលរត់យកព្រះអាយុ ព្រោះវាខ្សោយតូចជាងគេ។ ធម្មជាតិមនុស្សមិនដូច្នោះទេ។ គេហ៊ានស្លាប់ ដើម្បីការពារកេរ្តិ៍មត៌ករបស់គេ។ ចុះសាសន៍ខ្មែរ យ៉ាងម៉េចដែរ?
ខ្ញុំមិនដូចអ្នករាល់គ្នានោះទេ, ឲ្យតែមានឱកាសល្អ ដែលខ្ញុំអាចសរសេរបាន ឬសួរនាំអ្នកនេះ អ្នកនោះបាន ខ្ញុំនឹងព្យាយាមធ្វើ ដោយទឹកចិត្តអាណិតស្រឡាញ់ ជាតិសាសន៍ខ្លួន។ មានតែខ្មែរក្បត់ជាតិទេ ដែលនឹងស្អប់ខ្ញុំ ហើយរករឿងចាប់កំហុសខ្ញុំ។ តែខ្ញុំមានព្រះ នឹងពឹងពរសុំជំនួយ។ ខ្ញុំជាមនុស្សចាស់ មានចំណាស់ដូចលោក ហ៊ុន សែន ហើយខ្ញុំក៏មានចិត្តការពារជាតិមាតុភូមិ ដូចលោក ហ៊ុន សែន ដូច្នោះដែរ។ ព្រោះយើងជាខ្មែរ សែខ្មុត មិនតក់ស្លុតចំពោះអំពើឈ្លានពាន។
សេចក្តីអំពាវនាវរបស់ខ្ញុំគឺសូមឲ្យសារព័ត៌មានខ្មែរ ទាំងអស់ជាទូទៅ នៅក្នុងប្រទេស និងក្រៅប្រទេស មេត្តាជួយតាមដាន ឲ្យបានជារឿយៗ និងផ្សព្វផ្សាយ នូវព្រឹត្តិការណ៍តាមព្រំដែនពីរឿងយួនចូលមកវាតទី វាស់វែងយកទឹកដីខ្មែរ ស្រេចតែនឹងចិត្ត ដូចដែលសារព័ត៌មានវិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយ ជាញឹកញាប់រួចមកហើយ។ ហើយក៏សូមឲ្យអ្នកសារព័ត៌មានហ៊ានដេញដោល សួរនាំមេដឹកនាំខ្មែរ ទាំងមានភស្តុតាងបញ្ជាក់ ពីការដែលថា យួនកំពុងតែរំកិលខ្សែព្រំដែន ចូលមកក្នុងទឹកដីខ្មែរផងដែរ។ សូមអរគុណជាអនេក ចំពោះការខិតខំប្រឹងប្រែង នៃវិទ្យុអាស៊ីសេរី ក្នុងករណីដ៏មានសារៈសំខាន់នេះ។ ក្នុងករណីនេះ បើខ្មែរមានចិត្តកំសាកមិនអើពើនឹងរឿងជាតិទេ ក៏គ្មានអ្នកដទៃឯណា នឹងឈឺក្បាល ខ្វាយខ្វល់នឹងទុក្ខសោករបស់ខ្មែរដែរ។ មានតែខ្មែរទេ ដែលនឹងជួយជ្រោមជ្រែងខ្មែរ។ សូមអរគុណ៕
ខ្ញុំ, ជូ លាងហាក់ រស់នៅរដ្ឋអ៊ីលីណយ នៃសហរដ្ឋអាមេរិក… អ៊ីមែល hakchou@hotmail.com



