លោក គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងនៅក្នុងកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣នៅរដ្ឋសភាកាលពីព្រឹកមិញថា គិតមកត្រឹមឆ្នាំ២០១១ ប្រទេសកម្ពុជាបានជំពាក់បំណុលបរទេសចំនួន៣៦០០លានដុល្លារសហរដ្ឋអាមេរិក។
បំណុលទាំង៣៦០០លានដុល្លារនេះ គឺគិតទាំងបំណុលចាស់ អំឡុងពេលដែលប្រទេសកម្ពុជាមានសង្រ្គាមផង។
បើតាមការបញ្ជាក់របស់លោក គាត ឈន់ ការខ្ចីបំណុលបរទេសទាំងប៉ុន្មាន គឺរដ្ឋាភិបាលបានឈរលើគោលការណ៍រួម ដែលមានខ្ចីក្នុងទំហំសមស្របដែលស្ថានភាពថវិកាសេដ្ឋកិច្ចអាចទ្រាំទ្របាន ប្រកបដោយចីរភាព ហើយមិនធ្វើឲ្យប្រទេសធ្លាក់ទៅក្នុងវិបត្តិបំណុលអាណាធិបតេយ្យ, ខ្ចីក្នុងកម្រិតសម្បទាន ដោយខ្ចីក្នុង១០០ភាគរយ ត្រូវសងវិញ៦៥ភាគរយ ក្នុងនោះ៣៥ភាគរយជាអំណោយ, ខ្ចីសម្រាប់វិស័យអាទិភាពសំដៅទ្រទ្រង់ចីរភាពនៃកំណើន និងការបង្កើនផលិតភាពសេដ្ឋកិច្ច។
បើតាមលោក គាត ឈន់ ដដែល គិតចាប់តាំងពីឆ្នាំ១៩៩២មក រដ្ឋាភិបាលប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីប្រមាណ៥៥០០លានដុល្លារអាមេរិក។ ដែលកម្ចីទាំងនោះត្រូវបានប្រើប្រាស់សម្រាប់វិនិយោគវិស័យហេដ្ឋារចនារូបវន្ត មានផ្លូវថ្នល់ ស្ពាន ផ្លូវដែក ប្រព័ន្ធធារាសាស្រ្ត អគ្គិសនី កំពង់ផែ អាកាសយានដ្ឋាន ការផ្គត់ផ្គង់ទឹកស្អាត រោងចក្រសម្អាតទឹកកង្វក់ជាដើម៕



