លោក យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានប្រាប់ទៅមន្ត្រីខុទ្ទកាល័យរបស់លោកកាលពីព្រឹកថ្ងៃសុក្រនេះ អោយសហការអោយបានជិតស្និទ្ធជាមួយអង្គការសង្គមស៊ីវិល ដើម្បីដោះស្រាយបញ្ហាដីធ្លី និងការប្រើប្រាស់ប្រភពធនធានធម្មជាតិជូនប្រជាពលរដ្ឋកម្ពុជា ។
“រាជរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិលមានទិសដៅតែមួយទេ គឺស្វែងរកសេចក្តីសុខដុមរម្យនាជូនប្រជាពលរដ្ឋ ហេតុនេះសូមមន្ត្រីខុទ្ទកាល័យរបស់ខ្ញុំ ដែលនៅទីនេះបង្កើនទំនាក់ទំនងជាមួយអង្គការសង្គមស៊ីវិល ជាពិសេសជាមួយអង្គការសិទ្ធិមនុស្សរបស់លោក ធន សារាយ ដើម្បីធ្វើកិច្ចសហការជាមួយគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ” ។
ការថ្លែងបែបនេះ បានធ្វើឡើងបន្ទាប់ពីលោក ធន សារាយ នាយកអង្គការសិទ្ធិមនុស្សអាដហុក បានថ្លែងអំពីផលប៉ះពាល់នៃការរស់នៅរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិច ដោយក្រុមហ៊ុនឯកជនមួយចំនួន ដែលបានរំលោភយកដី និងធនធានធម្មជាតិដូចជារ៉ែជាដើម។
នៅក្នុងសន្និសីទថ្នាក់ជាតិលើកទី៧ នៅសណ្ឋាគារអ៊ីមភ័ររៀល កាលពីព្រឹកថ្ងៃសុក្រនេះ លោក ធន សារាយ បានបង្ហាញដល់តំណាងរាជរដ្ឋាភិបាលនូវ សេចក្តីថ្លែងការណ៍រួមមួយរបស់អង្គការ១៨ និងសហគមន៍រងគ្រោះទាំង១៥ខេត្តក្រុងជូនរាជរដ្ឋាភិបាលកម្ពុជា។
លោក អៀង មូលី អនុប្រធានទី១ នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានផ្តល់សម្ភាសន៍ដាច់ដោយឡែកមួយដល់ទស្សនាវដ្តី សារព័ត៌មានសេរីថា ការងាររបស់រាជរដ្ឋាភិបាល និងសង្គមស៊ីវិល គឺមានទិសដៅតែមួយ ដូចដែលលោក យឹម ឆៃលី បានលើកឡើងយ៉ាងដូច្នោះ។
លោកទទូចថា សង្គមស៊ីវិល គួរធ្វើកិច្ចសហប្រតិការជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសជាមួយរាជរដ្ឋាភិបាល ដោយភាពស្មោះត្រង់ គឺមិន បង្កប់នូវចេតនាបម្រើអោយផលប្រយោជន៍ក្រុមប្រឆាំង បើមិនដូច្នោះទេ ពលរដ្ឋភាគច្រើននឹងបាត់បង់ជំនឿលើកិច្ចការរបស់ពួកគេ។
ប្រជាពលរដ្ឋជនជាតិដើមភាគតិច បានសាទរចំពោះការផ្តួចផ្តើមអោយមានកិច្ចសហការអភិបាលកិច្ច រវាងសង្គមស៊ីវិល រាជរដ្ឋាភិបាល ពលរដ្ឋរងគ្រោះដោយផ្ទាល់។
លោកស្រី ស ស្រស់ មកពីខេត្តស្ទឹងត្រែង តំណាងជនជាតិដើមភាគតិចដែលរងគ្រោះ ទាំង១៥ ខេត្តក្រុង បានសំដែងនូវក្តីសង្ឃឹមចំពោះការបញ្ជាក់ របស់លោក យឹម ឆៃលី និងលោក អៀង មូលី ស្តីពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិបតិ្តដីធ្លី និងធនធានធម្មជាតិ ជូនប្រជាពលរដ្ឋ៕


