នាព្រឹកថ្ងៃព្រហស្បតិ៏នេះ សមាជិកសភាភាគច្រើនពីគណបក្សប្រជាជនកម្ពុជានឹងសម្រេចអនុម័តបើកដៃឲ្យរដ្ឋាភិបាលខ្ចីលុយបរទេសយ៉ាងហោចណាស់ជិត១ពាន់លានដុល្លារ ក្នុងគម្រោងប្រមាណ៣ពាន់លានលានដុល្លារ សម្រាប់បង្គ្រប់ឲ្យការចំណាយឆ្នាំ២០១៣ ។ បើទោះបីជាពុំមានការចូលរួមពីបក្សប្រឆាំងក្ដី ក៏ផែនការនេះនឹងទទួលបានជោគជ័យដែរ ។
ដើម្បីបិទបាំងភាពអាម៉ាសចំពោះការមើលឃើញពីកង្វះសមត្ថភាពធ្ងន់ធ្ងររបស់មេដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នដែលពុំបានច្នៃប្រមុំសេដ្ឋកិច្ចរបស់ខ្លួនឲ្យបោះជំហានទៅមុខ ក្រៅតែពីការចេះត្រឹមលើកដៃខ្ចី ឬសុំលុយពីបរទេសបង្កើនបំណុលឲ្យពលរដ្ឋខ្មែរជាអ្នកសងនោះ រដ្ឋាភិបាលបានលើកឡើងថា កម្ពុជាទើបតែចាប់ផ្ដើមចេញពីគំនរផេះផង់នាឆ្នាំ១៩៩៨ ។ ដែលនេះបានបង្ហាញឲ្យឃើញថា របបខ្មែរក្រហមនៅតែជាភាជន៏ ដ៏សំខាន់សម្រាប់ត្រងរាល់បញ្ហានៃកង្វះសមត្ថភាពរបស់រដ្ឋាភិបាល ។
ប៉ុន្តែពុំដូច្នេះទេ ប្រទេសមួយចំនួនដែលធ្លាប់បន្តក់លុយឲ្យរដ្ឋាភិបាលខ្មែរដោយផ្ទាល់ ដូចជា អូស្រ្តាលី និង កាណាដា ជាដើម ពួកគេបានដកខ្លួនថយ ដោយបង្វិលប្រាក់របស់គេទៅផ្គត់ផ្គង់ឲ្យប្រទេសមួយចំនួនដែលត្រូវការជំនួយឧបត្ថម្ភចាំបាច់ ។សម្រាប់ប្រទេសកម្ពុជាពេលនេះនៅសល់តែចិនមួយប៉ុណ្ណោះជាទីពឹងសំខាន់ ។ប្រទេសចិនកុម្មុយនិស្តបានបើកដៃឲ្យកម្ពុជាខ្ចីលុយក្នុងមួយឆ្នាំៗរាប់រយលានដុល្លារ ។ ប៉ុន្តែជាមួយគ្នាគេក៏កត់សម្គាល់ឃើញផងដែរថា មានក្រុមហ៊ុនចិនជាច្រើនកំពុងតែបញ្រ្ចៀតបឺតស្រូបទាញយកប្រយោជន៏ពីកម្ពុជា ទាំងផ្នែកឧស្សាហកម្មវាយនភ័ណ្ឌ រ៉ែ ព្រៃឈើ និង ប្រេងជាដើម តាមរយៈការលើកទឹកចិត្តពីរដ្ឋាភិបាលខ្មែរ ។
មិនត្រឹមតែប៉ុណ្ណោះដូចពាក្យខ្មែរដែលថា ” ខ្មែរចេះតែប៉ិន ចិនចេះតែកត់ ” តាមរយៈឥទ្ធិពលនៃប្រាក់ជំនួយនិងកម្ចីទាំងនេះ ត្រូវគេមើលឃើញថា បានធ្វើឲ្យកម្ពុជាដែលពុំមានសមត្ថភាពគ្រប់គ្រងខ្លួនដោយខ្លួនឯង ក្លាយជាកូនជឹងរបស់ចិនយ៉ាងងាយស្រួល ។ គឺដូចអ្វីដែលគេបានឃើញនៅឯកិច្ចប្រជុំអាស៊ានកាលពីខែ កក្កដា ដែលកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន បានព្យាយាមខ្ទាស់មិនឲ្យសេចក្ដីថ្លែងការណ៏រួម ស្ដីពីសមុទ្រចិនខាងត្បូងចេញរួច តាមបំណងចិនដូច្នោះដែរ ។
នៅចំពោះមុខបញ្ហានេះមានទស្សនទានជាច្រើន ដូចជាបានស្នើឲ្យកម្ពុជាប្រើប្រាសភាពឈ្លាសវៃរបស់ខ្លួន ដោយប្រឹងប្រែងអភិវឌ្ឍន៏ធនធានមនុស្ស បង្កើតទីផ្សារសម្រាប់ផលិតផលប្រជាពលរដ្ឋ កែច្នៃទ្រព្យធនធម្មជាតិដែលមានស្រាប់សម្រាប់នាំចេញ ។ល។និង។ល។ ហើយនៅមុននេះបន្តិចបក្សប្រឆាំងក៏បានស្នើសុំឲ្យមានការបង្កើនពន្ធ ក្នុងគោលដៅបញ្ចៀសការខ្ចីបុលលុយពីបរទេសផងដែរ ។ តែសំណើរបៀបនេះបានទទួលបរាជ័យហើយនៅថៃ្ងនេះ ។សម្រាប់រដ្ឋាភិបាលការខ្ចីលុយបរទេស ពិតជារឿងសំខាន់បំផុត ដែលសភាត្រូវតែអនុម័ត គឺជាការអនុម័តមួយដែលទទួលស្គាល់ថាជិត៣ទសវត្សន៏មកនេះ ក្រោមការដឹកនាំរបស់បក្សប្រជាជន កម្ពុជាពុំមានអ្វីទាំងអស់ ៕



