ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការសប្តាហ៍គ្មានប្រើប្រាស់ថ្នាំកសិកម្ម ដែលកំពុងរៀបចំធ្វើឡើងនៅពាសពេញពិភពលោក មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក គ្រោងរៀបចំសិក្ខាសាលាមួយសម្រាប់ក្រុមយុវជនឲ្យយល់ដឹងពីគ្រោះថ្នាក់នៃថ្នាំកសិកម្ម។
តាមសេចក្តីប្រកាសរបស់អង្គការសេដាក សិក្ខាសាលាស្តីអំពី «ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសហគមន៍ដែលគ្មានថ្នាំពុលកសិកម្ម» នឹងគ្រោងរៀបចំធ្វើឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១២ស្អែកនេះនៅការិយាល័យរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ ដោយអ្នកចូលរួមប្រមាណ៨០នាក់ រួមមានតំណាងយុវជនជនបទមកពីតាមបណ្តាខេត្តចំនួន១៣ និងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ។
គោលបំណងសំខាន់របស់សិក្ខាសាលានេះត្រូវបានបញ្ជាក់ថា ដើម្បីបង្ហាញបទពិសោធន៍ និងការចូលរួមចំណែករបស់យុវជនក្នុងការលើកស្ទួយជីវភាពកសិករ, បង្កើនការយល់ដឹងអំពីមហន្តរាយ នៃការប្រើប្រាស់ថ្នាំពុលកសិកម្ម និងអំពាវនាវដល់យុវជនជនបទចូលរួមអនុវត្ត និងផ្សព្វផ្សាយពីការធ្វើកសិកម្មសរីរាង្គ និងដើម្បីនិរន្តរភាព ការចិញ្ចឹមជីវិត និងសុវត្ថិភាពចំណីអាហារ។
លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាកបាននិយាយនៅក្នុងសេចក្តីប្រកាសថា «ឆ្លងតាមការងារបណ្តុះបណ្តាលយុវជនរបស់អង្គការសេដាកកន្លងមក យុវជនជនបទគឺជាធនធានមនុស្សដ៏មានសក្តានុពល និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងដល់កសិករអំពីភាពគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំពុលកសិកម្ម និងចូលរួមចំណែកជំរុញកសិកម្មសរីរាង្គនៅតាមសហគមន៍របស់ពួកគេ»៕



