ថ្ងៃ | ទស្សនាទិដ្ឋភាពចរាចរណ៍ក្នុងរាជធានី​ភ្នំពេញ
 ព្រះមហាក្សត្រចេញព្រះរាជក្រិត្យត្រាស់បង្គាប់តែងតាំងលោក គុណ ញឹុម ជាអគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ជំនួសលោក ប៉ែន សីុម៉ន ដែលត្រូវចូលនិវត្តន៏៕​  ||   

ទស្សនៈ ៖ អូបាម៉ា ទំនង​មិន​មែន​​ជា​ក្មេង​បៀម​ដៃ​​ដូច ហ៊ុន សែន គិត​ទេ​ !

គេ​នៅ​​ចាំបាន​ថា​ ពីរ​អាណត្តិមក​​ហើយ​​ដែល​អ្នក​រាយការណ៏​ពិសេស​​របស់​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ ផ្នែក​សិទ្ធិ​​មនុស្ស​ ប្រចាំកម្ពុជា បាន​ទទួល​​រង​​នូវ​ពាក្យ​​ប្រមាថ​​កាតទាន​​​យ៉ាង​ខ្មួរខ្មោះ​ពី​នាយក​រដ្ឋមន្ត្រី​ខ្មែរ​។​

លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី សហរដ្ឋអាមេរិក

លោក យ៉ាស ហ្គាយស៏ ដែល​មាន​ដើម​កំណើត​ជាជនជាតិ កេនយ៉ា​ ហើយ​ដែល​មាន​អាយុ​ច្រើន​ជាង​លោក ​ហ៊ុន សែន ធ្លាប់​ត្រូវ​បាន​​លោក​ ហ៊ុន សែន ប្រើ​ពាក្យ​​តិៈដៀល​​យ៉ាង​អសីលធម៌ ដោយ​សារ​តែ​លោក បាន​ធ្វើ​​សេចក្ដី​រាយការណ៏​​ដោយ​​ត្រង់​ៗ​ ​ពី​ស្ថានភាព​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នាយក​រដ្ឋមន្ត្រី​​រូប​នេះ​​នៅ​បាន​ប្រើពាក្យ​ ដែល​និយាយ​សាមញ្ញ​ជា​ភាសារខ្មែរ​​ថា ​ដៀលពូជ ទៅ​កាន់​លោក យ៉ាស ហ្គាយស៏​ ទៀតផង ។ ដោយថា​ លោក​ឯងគួរ​តែ​ទៅ​ប្រដៅ​​ប្រទេស កេនយ៉ា របស់​លោក ឯង ! ។​ ចំណែក​លោក សូរិយា ស៊ូប៊ែឌី​ ដែល​មាន​​ដើម​កំណើត​ជាជនជាតិ ណេ​ប៉ាល់​​ វិញ​ក៏​ដូច្នេះ​ដែរ ។​ លោក ហ៊ុន សែន ធ្លាប់​បាន​អត្ថាធិប្បាយ​​ពី​ស្ថានភាព​ជម្លោះ ​ហែក​ហួរ​ផ្ទៃ​ក្នុង​​នៅ​ណេប៉ាល់ ដែល​ជា​ការ​និយាយ​សំដៅ​​ដល់​លោក ស៊ូប៊ែឌី ថា លោក​ឯង​គួរ​តែ​ទៅ​ជួយ​​ប្រទេស​លោក ឯង​ ជាជាង​មក​ខ្វាយខ្វល់​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ នៅ​ កម្ពុជា  ។​

តាម​ពិតទៅ​​​ពលរដ្ឋ​កម្ពុជា​​បាន​ស៊ាំ​ទៅ​នឹង​ពាក្យ​​​អសុរសបែប​​នេះ​ របស់​មេដឹក​នាំ​​ខ្លួន​ទៅ​​ហើយ ប៉ុន្តែ​សម្រាប់​​ពល​រដ្ឋ​​នៅ​​ក្នុង​ប្រទេស​ស៊ីវិល័​យ​ គេ​ប្រាកដ​ជា​នឹក​ហួស​ចិត្ត​​ ថា​ពលរដ្ឋ​កម្ពុជា​ដែល​ធ្លាប់​ជា​ពលរដ្ឋ​នៃ​​អារ្យប្រទេស ​នា​សម័យអង្គរ មិនគួរ​មាន​មេដឹក​នាំ​​ជា​មនុស្ស ​ខ្វះការយល់​ដឹង​ច្រង៉េងច្រង៉ាង​បែប​នេះ​​សោះ ។ នេះ​ពិត​ជា​រឿង​ដែល​គួរ​ឲ្យ​អាសូរ​ណាស់ ! ។

លោក ហ្វ្រង់ស៊ី បាល់កុង ទស្សនវិទូអត្ថិភាពនិយម​​ជនជាតិ​បារាំង​ធ្លាប់​​​​បាន​លើក​ឡើង​ថា ​សត្វឃ្មុំ​មិនមែន​​​ក្រេប​តែ​លម្អង​ផ្កា​មួយ​​មុខ​យក​មក​ធ្វើ​ជា​ទឹក​ឃ្មុំនោះទេ ជូន​កាល​គេ​ឃើញ​វា​ទុំ​នៅ​លើ​គំនរ​សំរាម​ ​និង ភក់ជ្រាំ​ ផងដែរ​ តែ​ដល់​ពេល​​​ទឹក​ ឃ្មុំ គឺ​ទឹក ឃ្មុំ​ហើយ ពុំ​មាន​អ្នក​ណា​ថា ជា​ទឹក ជ្រាំ​ទឹក ភក់ទេ ។ យ៉ាងណាមិញ​​សម្រាប់​​លោក​ យ៉ាស ហ្គាយស៏ និង លោក សូរិយា ស៊ូប៊ែឌី ក៏ដូច្នេះ​ដែរ ។ ​ថ្វី​​ត្បិត​​តែ​​ប្រទេស​របស់​ពួក​គាត់​ ពេល​នេះ​​ត្រូវ​​បាន​​ញាំញី​ ដោយ​ភាព​ក្រីក្រ ​​និង ​វិបត្តិ​ផ្ទៃ​ក្នុង​ ប៉ុន្តែ​អ្នក​ទាំងពី​រ​​មិន​មែន​​ជា​​មេដឹកនាំ​​នៃ​ប្រទេសទាំងនោះ​​ឯណា  ។ ពួក​គាត់​​ជា​តំណាង​អង្គការសហប្រជាជាតិ​ , ដូច្នេះ​វា​​ជា​រឿងពីរ​​ដាច់​​ដោយ​ឡែក​ពីគ្នា​ ។ ម៉្យាងទៀត​​បើ​អាច​ប្រៀប​​ធៀប​​ដូច្នេះ​​បាន​​ ហេតុ​​អ្វី​​ក៏​លោក​ហ៊ុន សែន មិន​​ធ្វើ​ការ​ប្រៀបធៀប​លោក អូបាម៉ា ទៅ​នឹង​ស្ថានភាព​ប្រទេស កេន​យ៉ា ផង ព្រោះ​លោក​ បារ៉ាក់ អូម៉ា ក៏​មាន​ចំណែក​ឈាម​ជ័រ​ ជាជនជាតិ កេនយ៉ា ដែរ​តើ  ?  ​

ទំនង​ជា​ស្អិត​ជាប់​នូវ​ផ្នត់​​គំនិត ​ប្រមាថកាតទាន​​អ្នក​​ដ៏​ទៃ​ដូច្នេះ​​ហើយ​ ទើប​​នៅ​ក្នុង​អំឡុង​​កិច្ច​​ពិភាក្សា​ទ្វេ​ភាគី​​កាល​ពី​ព្រលប់​​ថ្ងៃទី ​១៩​ វិច្ឆិកា ឆ្នាំ​២១០២ លោក ហ៊ុន សែន បាន​ប្រកែក​ញ៉ាញ​ នៅ​ពេល​ដែល​​មាន​ការ​ចោទសួរ​​ពីលោក​​ប្រធានាធិបតី​អូបាម៉ា​ តាម​ការ​ស្នើសុំ​​ពី​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា​ អាមេរិក ទាក់ទង​នឹង​ស្ថានភាពរំលោភ​​សិទ្ធិមនុស្ស  ប្រព័ន្ធ​​បោះ​ឆ្នោត​​មិន​​ឯករាជ្យ ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​​ផ្ទះសម្បែង​ បញ្ហានៃ​​ការ​អនុវត្តន៏​​យន្តការ​ប្រជាធិបតេយ្យ​ ក៏​​ដូច​ជាការ​ចាប់​​ពួក​អ្នក​នយោ​បាយ​ប្រឆាំង​ដាក់គុក ជាដើម ។​

បើ​តាម​ការ​លើក​ឡើង​របស់​លោក ប្រាក់ សុខុន​ ក្នុង​សន្និសីទកាសែត​​ភ្លាមៗ​​បន្ទាប់​ពី​​បញ្ចប់​ជំនួប​នោះ​ឲ្យ​ដឹង​ថា​​លោក​ ហ៊ុន​ សែន បាន​​ហៅ​​អ្វី​​ដែល​​លើក​ឡើង​​ដោយ​ប្រធានាធិបតីអាមេរិក​ថា​គឺជាការមួលបង្កាច់ ។ ហើយ​ឆ្លៀត​ឱកាស​​នោះ​​​មេដឹកនាំ​​ខ្មែរ​រូប​នេះ បាន​​អួត​​ប្រាវ​ៗ​ថា ​បើ​និយាយ​ពី​ស្ថានភាព​​សិទ្ធិមនុស្ស ​និង ​ការអនុវត្តន៏​លទ្ធិប្រជាធិបតេយ្យ​វិញ​ គឺ ​កម្ពុជា​ឡួយ​ជាង​គេ​​បើ​​ប្រៀប​ធៀប​ជា​មួយ​ប្រទេសជិតខាង​ ។ ដែល​​បើ​​តាម​លោក ប្រាក់ សុខុន លោក ហ៊ុន សែន បាន​អត្ថាធិប្បាយ​បូរ​​បាច់​ថា មាន​ប្រទេស​ខ្លះ​គេ​ថែម ​ទាំង​ចាប់​​ពួក​អ្នក​នយោបាយ​ប្រឆាំង ​ដាក់​គុក​ផង ​​តែ​កម្ពុជា​​ធ្វើ​តែ​តាម​ច្បាប់​​ប៉ុណ្ណោះ​..ពុំ​មាន​អ្នក​ទោស​នយោបាយទេ ។​

ភាសារនេះ​​គឺ​ជាការ​វាយ​បកបញ្ច្រាស​ទិស​មួយ​​មួយ​ ដែល​​​​​បាន​​បញ្ជាក់​​ឲ្យ​​ឃើញ​យ៉ាងច្បាស់ណាស់​ពីការប្រមាថកាតទាន​ដល់សមាជិកព្រឹទ្ធសភា​និងរដ្ឋសភាអាមេរិក​ រួមទាំងលោក​បារ៉ាក់ អូបាម៉ា ផង​ ថា ពុំ​បានទទួលព័ត៌​​មាន​ច្បាស់​​ពី កម្ពុជា ។​ត្រង់​នេះ​​យើង​ចោទ​សួរ​ថា ​តើ​វា​អាច​ទៅ​​រួច​ទេ ​ក្នុងឋានៈជា​មេដឹក​នាំ​​មហា​​អំណាច​ពិភពលោក​​​​​ធ្វើអ្វីៗ​​ដោយ​ខ្វះ ទឡ្ហីករណ៏ ខ្វះ ព័ត៌​មាន​​ហើយ​​ទុក​​ឲ្យ​​មេដឹកនាំ​​ប្រទេស​​ធុនលោក ហ៊ុន សែន ឡកឡឺយ​​តាម​​ចិត្ត​នោះ ? ​​​ ប៉ុន្តែ​​វាហាក់​​ដូច​ជា​ផ្ទុយ​ខុស​ពី​នេះ​ ដែល​លោក​​បារ៉ាក់ ​​អូបាម៉ា ទំនង​មិនមែន​​​ជា​កូន​​ក្មេង​បៀម​ដៃ​​ដូច​​លោក ហ៊ុន សែន គិតទេ , ហើយ​​​ឥ​រិយាបទ​​របស់​លោក ហ៊ុន សែន បែបនេះ​វារឹងរឹត​​​តែ​បាន​បញ្ជាក់​​ឲ្យ​​មេដឹកនាំ​​អាមេរិក​​មើល​ឃើញ​​កាន់​តែ​ច្បាស់​ទៅទៀត​ថា កម្ពុជា​​គ្មាន​ឆន្ទៈ​គោរពសិទ្ធិមនុស្ស និង​ ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ ដូច​អ្វី​​ដែល​​ខ្លួន​​បាន​​សន្យា​ជា​មួយសហគមន៏អន្តរជាតិ​ កាល​ពី​ថ្ងៃ​ទី ​២៣ តុលា ឆ្នាំ ១៩៩១ ​នោះ​ទេ ។

ក្នុង​ស្ថាន​ភាពបែប​នេះ​ សហរដ្ឋអាមេរិក​​ដែល​ត្រូវ​​បាន​គេ​ចាត់​ទុក​ថា ​ជា​បិតា​ប្រជាធិបតី និង ការគោរព​សិទ្ធិមនុស្ស ប្រាកដជា​ដឹង​ថា ត្រូវ​​ធ្វើ​យ៉ាងណាហើយ​ ដើម្បី​ធានា​ឲ្យ​​មាន​ការគោរព សិទ្ធិមនុស្ស​ និង លទ្ធិប្រជាធិបតេយ្យ ​នៅ​កម្ពុជា  ៕​​

Copyright © 2010-2014 · The Free Press Magazine · All Rights Reserved.
-