តារាចម្រៀង ពៅ បញ្ញាពេជ្រ ដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារកាលពីឆ្នាំ២០០៧ ពេលនេះបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីអស់លទ្ធភាពរកប្រាក់បង់ថ្លៃព្យាបាលនៅក្រៅប្រទេសលែងបាននោះ។ តទៅនេះនាងលែងព្រួយបារម្ភពីសុវត្តិភាពទៀតហើយ គឺសង្ឃឹមលើការមេត្តាសណ្តោសពីប្រជាពលរដ្ឋខ្មែរ និងមិត្តរួមអាជីពប៉ុណ្ណោះ។
ពៅ បញ្ញាពេជ្រ បាននិយាយប្រាប់ទស្សនាវដ្តីក្នុងស្រុកមួយកាលពីពេលថ្មីៗនេះថា នាងបានវិលត្រឡប់ពីការព្យាបាលនៅទីក្រុងបាងកក ប្រទេសថៃ មកប្រទេសកម្ពុជាវិញអស់រយៈពេលជិត២ខែហើយ។ នោះព្រោះតែក្រុមគ្រួសាររបស់នាងមិនមានលទ្ធភាពរកប្រាក់សម្រាប់នាងបង់ថ្លៃថ្នាំពេទ្យដូចមុនទៀតបាន។
ទាក់ទងនឹងសុវត្ថិភាពរបស់នាង ខណៈដែលឃាតករកំពុងរស់នៅក្រៅច្បាប់យ៉ាងមានសេរីភាពនោះ នាង ពៅ បញ្ញាពេជ្រ បាននិយាយថា នាងលែងចង់ទាមទាររកយុត្តិធម៌ទៀតហើយ ដោយនាងប្រាថ្នាតែសេចក្តីសុខសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ «ការទាមទាររកយុត្តិធម៌ ខ្ញុំមិននិយាយអ្វីទាំងអស់ ព្រោះខ្ញុំគិតថា នេះជាផលបាបដែលខ្ញុំទទួល…»។
គួររំលឹកថា តារាចម្រៀង ពៅ បញ្ញាពេជ្រ ត្រូវបានឃាតករមិនស្គាល់មុខបាញ់ប៉ងសម្លាប់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧ នៅខាងមុខវិទ្យាស្ថានភាសាអង់គ្លេស ELT ខាងកើតផ្សារថ្មី។ ភ្លាមៗនាងត្រូវបានក្រុមគ្រួសារបញ្ជូនទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ព្រមទាំងបន្តទៅកាន់ប្រទេសថៃ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អស់រយៈពេល៥ឆ្នាំកន្លងមកនេះ ស្ថានភាពរបស់តារាចម្រៀងដែលធ្លាប់មានឈ្មោះបោះសំឡេងរូបនេះមិនមានភាពប្រសើរខ្លាំងក្លានោះទេ ពោលគឺនាងគ្រាន់តែអាចអង្គុយនៅលើរទេះរុញប៉ុណ្ណោះ៕



