ថ្នាក់ដឹកនាំអង្គភាពរដ្ឋាករទឹកស្វយ័តសៀមរាបមួយចំនួនកំពុងប្រើអំណាច ប្តូរតួនាទី ផ្ទេរភារកិច្ចបុគ្គលិកទៅការិយាល័យផ្សេងៗ ញឹកញាប់ជាង ស្ថាប័នដទៃប្រហែល ២ខែម្តង។ ដែលកត្តានេះបានធ្វើឲ្យបុគ្គលិកមួយចំនួនជញ្ជូនឯកសារ ដូរការិយាល័យស្ទើរពុំទាន់ និងឯកសារប្រកាសលើកមុនៗមិនទាន់ចេញឲ្យសាម៉ីខ្លួនបានមើលផង ស្រាប់តែចេញលិខិត ប្រកាសមួយថ្មីទៀត។ ពេលប្រកាសញឹកញាប់ពេលខ្ជិលប្រជុំរួម គឺហៅតែបុគ្គលិកណាដែលត្រូវផ្ទេរភារកិច្ច ឬឡើងឋានៈទៅប្រជុំប្រាប់ក៏អាច ជាផ្លូវការបាន ទាំងបុគ្គលិកមួយចំនួនធំមិនបានដឹងផង តែបានឮគេនិយាយតៗគ្នា។ ជាក់ស្តែងតាមការិយាល័យក្នុងអង្គភាពរដ្ឋាករទឹកស្វយ័តសៀមរាបភាគច្រើនមានតែប្រធាន អនុប្រធាន តែគ្មានបុគ្គលិក គឺប្រើខ្លួនឯងធ្វើខ្លួនឯង។
មិនតែប៉ុណ្ណោះលិខិតសំខាន់ៗមួយចំនួនដូចជា លិខិតតែងតាំង ការដំឡើងប្រាក់បៀវត្ស ការជ្រើសរើសបុគ្គលិកជាដើម ត្រូវបានថ្នាក់ដឹកនាំមួយចំនួនតូចខ្សឹបខ្សៀវតែពីរបីនាក់ធ្វើ មិនឲ្យថ្នាក់ដឹកនាំដទៃដឹងឡើយ។ ចំណែកបុគ្គលិកនៅក្រោមនាយកដ្ឋានណាដែលមិនសូវពេញចិត្ត មិនបានឡើងបៀវត្ស ឬកាំប្រាក់ទេ ភាគច្រើន ថ្នាក់ដឹកនាំកំពូលចុះហត្ថលេខាមុន ទើបថ្នាក់ដឹកនាំថ្នាក់បន្ទាប់ចុះតាមក្រោយ បន្តបន្ទាប់ ដោយមិនអាចប្រកែកបាន។
ម្យ៉ាងវិញទៀតថ្នាក់ដឹកនាំមួយចំនួនបានប្រើអំណាច ស្តីបន្ទោសបង្កាច់បង្ខូច ចោទប្រកាន់ ខុសពីការពិត មានការគុំគួនជាមួយនិយោជិតថ្នាក់ក្រោម យករឿងការងារលាយឡំជាមួយរឿងបុគ្គល មើលងាយដល់ក្រុមគ្រួសារបុគ្គលិកថ្នាក់ក្រោមនៅកន្លែងស៊ីផឹក ដើម្បីប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួន។
ចាប់តាំងពីចុងឆ្នាំ២០១១ រហូតដល់ជិតចុងឆ្នាំ២០១២ គេសង្កេតឃើញថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំ និងនិយោជិត ឧស្សាហ៍មិនសូវចុះសម្រុងនឹងគ្នា បែងចែកបក្សពួករៀងៗខ្លួន បើទោះជាប្រធានក្រុមប្រឹក្សាភិបាលហៅអប់រំមួយជាពីរលើកតែនៅពុំទាន់អាចសម្រួលបាន។
សូមសម្តេច ឯកឧត្តម អស់លោកមេត្តា ជួយសម្រួលដល់រឿងនេះផង ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយសូមមេត្តាចាត់ការតាមការគួរ…៕


