សហស្ថាបនិកមួយរូប នៃគេហទំព័រ The Pirate bay ដែលជាគេហទំព័រលួចចម្លងមួយរបស់ប្រទេសស៊ុយអ៊ែតត្រូវប៉ូលិសអន្តោប្រវេសន៍កម្ពុជាចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន។
លោក គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យស្នងការនគរបាលជាតិបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា បុរសជនជាតិស៊ុយអ៊ែតឈ្មោះ Gottfrid Svartholm Warg ត្រូវបានប៉ូលិសកម្ពុជាចាប់ខ្លួនទៅតាមសំណើរបស់អាជ្ញាធរប្រទេសស៊ុយអ៊ែត ចំពោះបទល្មើសបច្ចេកវិទ្យាព័ត៌មាន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាមិនទាន់មានកិច្ចព្រមព្រៀងណាមួយជាមួយប្រទេសស៊ុយអ៊ែតអំពីការធ្វើបត្យាប័ននៅឡើយទេ។ ដូច្នេះ ពេលនេះកម្ពុជាកំពុងពិនិត្យមើលច្បាប់ថា តើត្រូវធ្វើអ្វីខ្លះក្នុងករណីនេះ។
សូមបញ្ជាក់ថា គេហទំព័រ The Pirate bay គឺជាគេហទំព័រមួយរបស់ប្រទេសស៊ុយអ៊ែតដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់របស់ខ្លួនអាចទាញយកឯកសារ បទចំរៀង និងកម្មវិធីល្បែងនានា ដោយមិនគិតពីកម្មសិទ្ធិបញ្ញាឡើយ។ ដោយសារតែការលួចចម្លងនេះ លោក Gottfrid Svartholm Warg ត្រូវបានតុលាការស៊ុយអ៊ែតកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំកាលពីឆ្នាំ២០០៩ចំពោះបទរំលោភកម្មសិទ្ធិបញ្ញា។ ប៉ុន្តែពិរុទ្ធជនរូបនេះ មិនដែលត្រូវគេរកឃើញឡើយ៕



