ដើម្បីអបអរខួបលើកទី១៩ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ កញ្ញា ខាងមុខ សាលាក្រុងភ្នំពេញបានចេញសេចក្តីណែនាំមួយ ដល់គ្រប់មន្ទីរអង្គភាពដែលនៅក្រោមបង្គាប់ខ្លួនឲ្យរៀបចំអបអរទិវានេះ។
តាមសេចក្តីណែនាំរបស់សាលាក្រុង គ្រប់មន្ទីរ អង្គភាព សាលាខណ្ឌ ត្រូវតុបតែង លំអរចនាដោយភ្លើងពណ៌ ចងបដាពាក្យស្លោក ព្រមទាំងបំផុសឲ្យសាលារៀន រោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន និងគ្រប់គេហដ្ឋានប្រជាពលរដ្ឋទាំងអស់ រៀបចំដោតទង់ជាតិ ដើម្បីសម្តែងការអបអរសាទរ។
ជាមួយគ្នានេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវចាត់តាំងក្រុមតន្រ្តីសិល្បៈបុរាណ សម័យ សម្តែងជូនប្រជាពលរដ្ឋទស្សនាកំសាន្ត នៅតាមទីសាធារណៈនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១២ផងដែរ៕



