ជនសង្ស័ម្នាក់ក្នុងចំណោមពីរនាក់បានរត់គេចខ្លួនរួចកាលពីវេលាម៉ោង៨ និង ៣០នាទី ព្រឹកថ្ងៃទី៣កញ្ញានេះ អំឡុងព្រះរាជអាជ្ញានិងចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យត្រៀមចូលបន្ទប់សវនាការដើម្បីធ្វើការជំនុំជម្រះទោសពួកគេ ។
ប្រភពបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ដែលមានជាប់ខ្នោះនៅដៃ បានរត់នឹងផ្លោះរបងតុលាការ តែភ្លាមៗនោះ ភាពឆោឡោបានផ្ទុះឡើង ហើយក៏ចាប់ខ្លួនបានម្នាក់មកវិញ។ពេលនេះកម្លាំងសមត្ថកិច្ចទាំងកងរាជអាវុធហត្ថនិងនគរបាលប្រមាណ៥០នាក់កំពុងធ្វើការឡោមព័ទ្ធភ្នំស្វាយដែលគេសង្ស័យថា ជនល្មើសបានរត់គេចទៅទីនោះ ។ ភ្លាមៗគេបានដាក់ការស្ដីបន្ទោសទៅលើអនុរក្សពន្ធនាគារដែលថា បណ្ដាលមកពីភាពធ្វេសប្រហែស។
គួរបញ្ជាក់ថា ករណីរត់របស់អ្នកទោសបានកើតមានជារឿយៗក្នុងប្រទេសកម្ពុជា ដូចជានៅពន្ធនាគារក្នុងខេត្ត បាត់ដំបង ពោធិសាត់ ព្រៃសរ ក្នុងក្រុងភ្នំពេញជាដើម ។ ហើយករណីរត់រួចខ្លះបណ្ដាលមកពីការត្រូវរ៉ូវគ្នា រវាងមន្ត្រីពន្ធនាគារ និង អ្នកទោសក្រោមហេតុផលពុលរលួយ៕



