គណបក្សប្រឆាំងទាំងពីរក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី៣០ ខែសីហា បានរួមគ្នាសរសេរលិខិតមួយច្បាប់ដាក់ទៅកាន់ក្រសួងមហាផ្ទៃ ដោយស្នើឲ្យក្រសួងនេះធ្វើការរៀបចំឡើងវិញនូវសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ ខាងមុខប្រព្រឹត្តទៅដោយយុត្តិធម៌។
លិខិតដែលចុះហត្ថលេខារួមគ្នាដោយលោក គង់ គាំ ប្រធានស្តីទីគណបក្សសមរង្ស៊ី និងលោក សឺន ស៊ូបែរ្តិ៍ ប្រធានស្តីទីគណបក្សសិទ្ធិមនុស្សបានសរសេរថា សមាសភាព គ.ជ.ប បច្ចុប្បន្ន ដែលបានរៀបចំការបោះឆ្នោតកន្លងមក មិនទទួលបានការទុកចិត្តពីគណបក្សនយោបាយ មតិសាធារណៈជាតិ និងអន្តរជាតិ ក្នុងការបំពេញតួនាទីរបស់ខ្លួនឲ្យមានលក្ខណៈឯករាជ្យ អព្យាក្រឹត្យ និងយុត្តិធម៌នោះឡើយ។
លិខិតបន្តថា ដើម្បីឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ អាចទទួលយកបាន គឺមានតែក្រសួងមហាផ្ទៃរៀបចំសមាសភាព គ.ជ.ប ឡើងវិញតែប៉ុណ្ណោះ៕


