ភ្នំពេញ: ក្បួនបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលមានអ្នកចូលរួមប្រមាណ ៣.០០០នាក់ បានជួបជុំគ្នា កាលពីព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០១៣នេះ ដើម្បីត្រៀមហែរចេញទៅកាន់គោលដៅដែលបានគ្រោងទុក ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច បានរារាំងការដង្ហែក្បួននេះ ដោយសារតែគណបក្សសង្គ្រោះជាតិ អនុវត្តផ្ទុយពីការសម្រេចរបស់ក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឲ្យគណបក្សនេះ ហែរក្បួនបាតុកម្ម តែមិនឲ្យលើសពី ១០០ នាក់។ ទោះជាយ៉ាងណា ក្បួនបាតុកម្មនេះ បានហែរចេញបុកទំលុះរនាំងការពាររបស់សមត្ថកិច្ច ដើម្បីសម្រេចតាមគោលបំណងរបស់ខ្លួន។
ចំពោះបញ្ហាធ្វើបាតុកម្មអហិង្សារបស់គណបក្សប្រឆាំង ត្រូវបានយកមកពិភាក្សារវាងមន្ត្រីសាលារាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ រួមទាំងតំណាងគណបក្សសង្គ្រោះជាតិ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣។
នៅក្នុងកិច្ចប្រជុំ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានជម្រាបជូនសមាជិកនៃអង្គប្រជុំថា កិច្ចប្រជុំគឺដើម្បីពិភាក្សាស្តីពីការជូនដំណឹងធ្វើមហាបាតុកម្មអហិង្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ ដោយធ្វើការជួបជុំនៅទីលានប្រជាធិបតេយ្យ និងដង្ហែក្បួនតាមផ្លូវប៉ាស្ទ័រ ឆ្ពោះទៅកាន់ការិយាល័យតំណាងរបស់អង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុប ដើម្បីប្រគល់ញត្តិ។
ចំណែកលោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ ក៏បានជម្រាបជូនអង្គប្រជុំ ឲ្យដឹងដែរថា គោលបំណងនៃការធ្វើបាតុកម្មនេះ គឺចង់ទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលយកអនុសាសន៍របស់តំណាងពិសេសអង្គការសហប្រជាជាតិលោក សូរិយា ស៊ូប៊ែរឌី និងរបាយការណ៍ធ្វើសវនកម្មបញ្ជីបោះឆ្នោតសំរាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ ឆ្នាំ២០០១៣ របស់វិទ្យាស្ថានជាតិសំរាប់កិច្ចការអន្តរជាតិ (NDI) អង្គការនីចហ្វិច (NICFEC) និង អង្គការខុមហ្វ្រែល (COMFREL) ក្នុងការរៀបចំការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោតសារឡើងវិញ ព្រមទាំងចាត់វិធានការគ្រប់បែបយ៉ាងធានាអំពីយន្តការ និងនីតិវិធីសំរាប់បម្រើការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឲ្យប្រព្រឹត្តដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងដោយស្មើភាពគ្នាស្របតាមបទដ្ឋានអន្តរជាតិ។
ក្នុងករណីក្រសួងមហាផ្ទៃ មានកាអនុញ្ញាត ម្ចាស់សំណើ ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម ៖
១-ចំពោះការដង្ហែក្បួន សាលារាជធានីភ្នំពេញ ស្នើសុំធ្វើការជួបជុំ និងសម្តែងមតិ នៅទីលានប្រជាធិបតេយ្យ រួចដង្ហែតាមផ្លូវប៉ាស្ទ័ររហូតដល់ផ្លូវលេខ ២៥៤(ផ្លូវខាងជើងសាលាគរុកោសល្យ) បត់ឆ្វេងដោយឆ្លងកាត់មហាវិថីព្រះនរោត្តម ឆ្ពោះទៅសហគមន៍អឺរ៉ុបដោយបាតុករឈររង់ចាំនៅផ្លូវលេខ ២៥៤ នៅពេលដែលតំណាងយកញតិ្តទៅប្រគល់ជូនសហគមន៍អឺរ៉ុប រួចត្រឡប់ ក្រោយបន្តដំណើរតាមផ្លូវប៉ាស្ទ័រឆ្ពោះទៅការិយាល័យតំណាងអង្គការសហប្រជាជាតិ ដើម្បីប្រគល់ញតិ្តរួចរំសាយ។
២-ចំពោះការជួបជុំនិងសម្តែងមតិនៅទីលានប្រជាធិបតេយ្យ និងការដង្ហែក្បួន ម្ចាស់សំណើត្រូវទទួលខុសត្រូវដូចខាងក្រោម ៖
-កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងការជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ម្ចាស់សំណើ ជាអ្នកទទួលខុសត្រូវទាំងស្រុង។ ចំណែកសមត្ថកិច្ចទទួលខុសត្រូវការពារពីខាងក្រៅ ក្នុងករណីមានជនសង្ស័យត្រូវរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចាត់វិធានការបានទាន់ពេលវេលា។
-ចំពោះខ្លឹមសារនៃការសម្តែងមតិរបស់ពួកគាត់ ម្ចាស់សំណើឯកភាពទទួលខុសត្រូវទាំងស្រុង ក្នុងករណីមានបុគ្គលណាយកកម្មវិធីនេះ ធ្វើសកម្មភាពវាយប្រហារដល់ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ប្រទេសជិតខាង និងឥស្សរជនជាន់ខ្ពស់ណាម្នាក់។
-ម្ចាស់សំណើ និងអ្នកចូលរួមទាំងអស់ ត្រូវសំអាតអនាម័យនៅជុំវិញបរិវេណប្រារព្ធពិធី និងតាមផ្លូវដង្ហែក្បួនឲ្យបានស្អាត ក្រោយពីប្រារព្ធពិធីចប់ ជៀងវាងប៉ះពាល់ដល់សោភ័ណភាពនៅទីនោះ។
-ចំពោះការដង្ហែក្បួនតាមដងផ្លូវសាធារណៈ ត្រូវបញ្ចប់មុនម៉ោង ១២ ថ្ងៃត្រង់ និងចៀសវាងដាច់ខាតនូវការបិទផ្លូវដែលនាំឲ្យកកស្ទះចរាចរ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
៣-ចំពោះករណីខាងលើ សាលារាជធានីភ្នំពេញ នឹងស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ដូច្នេះម្ចាស់សំណើត្រូវរង់ចាំការសម្រេចរបស់ក្រសួងមហាផ្ទៃ។
៤-ប្រសិនបើមិនគោរពតាមលក្ខខណ្ឌខាងលើ ថ្នាក់ដឹកនាំបាតុកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ហើយសាលារាជធានីភ្នំពេញ និងចាត់វិធានការតាមផ្លូវច្បាប់៕




