ថ្មីៗនេះ មិត្តអ្នកអានមួយរូបរស់នៅសហរដ្ឋអាមេរិក ឈ្មោះ ជូ លាងហាក់ បានផ្ញើសារអេឡិចត្រូនិច (E-mail) មកកាន់លោកទេសរដ្ឋមន្ត្រី អៀង មូលី ដែលជាហត្ថលេខីមួយរូប ក្នុងចំណោមហត្ថលេខីទាំង១២រូប នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស អំពីស្ថានភាពនយោបាយ ក្រោមចំណងជើងថា អន្លង់គ្រោះថ្នាក់ នៃជាតិសាសន៍យើង ។
ខាងក្រោមនេះ គឺជាសំណួររបស់លោកជូ លាងហាក់ និងចម្លើយរបស់លោកទេសរដ្ឋមន្ត្រីអៀង មូលី ដែលមានខ្លឹមសារដើមទាំងស្រុងដូចតទៅ៖
សូមគោរពជូនមក លោកទេសរដ្ឋមន្ត្រី អៀងមូលី,
ខ្ញុំ, ជូលាងហាក់, ជាពលរដ្ឋអាមេរិកាំងសញ្ជាតិខ្មែរដ៏សាមញ្ញម្នាក់ រៀនសូត្របានតិចតួច គ្មានបានទទួលសញ្ញាប័ត្រ អ្វីទាំងអស់ ហើយរស់នៅ ជាមួយប្រពន្ធកូន ឯសហរដ្ឋអាមេរិក តាំងពីខែឧសភាឆ្នាំ១៩៧៥រៀងមក ដែលគ្រានោះ ខ្ញុំគឺអាយុ២៣ឆ្នាំ។ ខ្ញុំមានការចាប់អារម្មណ៍ច្រើន នឹងសរសេរអ៊ីមែលនេះ ជូនមកឯកឧត្តមពេលនេះ ព្រោះខ្ញុំបានអាន ដោយចោះៗ នូវអត្ថបទដែលលោកសរសេរ ក្នុងវគ្គខ្លះៗនៃអារម្ភកថារបស់លោក។ ដូច្នេះខ្ញុំក៏បានដឹងថា លោកមាន បងស្រីថ្លៃម្នាក់ឈ្មោះ ទេពធីតា ដែលប្តីគាត់ក៏ឈ្មោះ លាងហាក់ ដូចខ្ញុំដែរ។ ប៉ុន្តែកត្តាដែលជំរុញទឹកចិត្ត ឲ្យខ្ញុំខំសរសេរជូនមកលោក នាពេលនេះ គឺដោយសារខ្ញុំបានដឹងថា លោកក៏ជាអ្នកតស៊ូមតិ ក្នុងការតាក់តែងរដ្ឋធម្មនុញ្ញថ្មី របស់កម្ពុជៈរដ្ឋផងដែរ។ ហើយខ្ញុំនឹងមាន សំនួរខ្លះៗ ដែលទាក់ទងដល់ការប្រើប្រាស់ច្បាប់រដ្ឋធម្មនុញ្ញ នៃមេដឹកនាំ ខ្មែរបច្ចុប្បន្ន ក្នុងការដោះស្រាយវិបត្តិនានា ក្នុងសង្គមខ្មែរ។ ខ្ញុំសង្ឃឹមថា លោកទេសរដ្ឋមន្ត្រី នឹងមានអធ្យាស្រ័យល្អ ក្នុងការឆ្លៀតពេលសរសេរឆ្លើយតបទៅខ្ញុំវិញ។
ខ្ញុំនឹងចាប់ផ្តើមសរសេរពីបញ្ហាបាក់បែក យ៉ាងខ្ទេចខ្ទាំរវាងមេដឹកនាំខ្មែរបច្ចុប្បន្ន ជាពិសេសរវាងឯកឧត្តមសមរង្ស៊ី និង សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។ ជារឿងអាម៉ាស់មិនល្អចំពោះជាតិសាសន៍ខ្មែរ តែវាមានសារៈសំខាន់ជាពន្លឹក ដែល យើងជារាស្ត្រខ្មែរជាទូទៅ គួរដឹងយល់ ថាអ្វីទៅដែលជាឫសគល់ពិតប្រាកដ នៃការប្រេះឆាបែកបាក់នេះ។ ខ្ញុំបាន សរសេរអត្ថបទខ្លះៗ ដែលបានចុះផ្សាយ ក្នុងសារព័ត៌មានភ្នំពេញប៉ុស្ត http://www.postkhmer.com នៅក្នុងទំព័រលិខិតមិត្តអ្នកអាន។ បើលោកទេសរដ្ឋមន្ត្រី នឹងអនុញ្ញាតិ ខ្ញុំនឹងសរសេរអត្ថបទផ្សេងៗទៀត ដែលទាក់ទងដល់ការឆ្លើយតប របស់លោក ក្នុងបញ្ហានេះ ហើយសុំឲ្យគេចុះផ្សាយក្នុងសារព័ត៌មាននោះផងដែរ។
រឿងលោកសមរង្ស៊ី ដែលបាននិរទេសខ្លួនទៅនៅឯបរទេស ឲ្យផុតពីការផ្តន្ទាទោស ដោយឆ្គាំឆ្គង និងដោយឥតសមហេតុ សមផល ពីការកាត់សេចក្តីរបស់តុលាការក្រុងភ្នំពេញ ជារឿងដែលខ្ញុំចង់ដឹងចង់យល់ ឲ្យបានជ្រៅជាបន្ថែមទៀត។ រឿងនេះផ្តើមពីការដែលលោកសមរង្ស៊ី ជួយជ្រោមជ្រែងប្រជាពលរដ្ឋខ្មែរ នៅខេត្តស្វាយរៀង ដែលភ្ញាក់ផ្អើលដោយសារយួន យកបង្គោលឈើមកបោះក្នុងដីស្រែ របស់ពួកគាត់ ថាវាអាចជាបង្គោលខ្សែព្រំដែនថ្មី រវាងដីខ្មែរនិងដីយួន។ ដូច្នោះពួក គាត់ភិតភ័យ ខ្លាចបាត់បង់ដីស្រែជាខ្សែជីវិតរបស់ខ្លួន ទៅក្នុងដៃយួន ក៏កោះហៅវិរជនខ្មែររូបនេះឲ្យជួយ ស្របពេលដែល លោក កំពុងហែរបុណ្យកឋិន ចូលវត្តអារាមមួយក្បែរទីកន្លែងដែលកើតហេតុការណ៍នោះ។ លោកសមរង្ស៊ី រួមនិងរាស្ត្រ ខ្មែរម្ចាស់ដីស្រែ ក៏ចាប់ផ្តើមដកបង្គោលដំរុយទាំងនោះ ចេញពីដីស្រែរបស់ពួកគាត់ ដែលអំពើនេះបានក្លាយជាមូលហេតុ នៃការចោទប្រកាន់របស់រដ្ឋាភិបាលខ្មែរ ចំពោះរាស្ត្រខ្មែរនិងវិរជនខ្មែរ, លោកសមរង្ស៊ី, អ្នកស្នេហាជាតិទៅវិញ។ ខ្ញុំមិន អាចយល់បានពីជម្រៅនៃសតិបញ្ញា មេដឹកនាំខ្មែរ ក្នុងករណីនេះ ថាហេតុអ្វីបានជាគេវាយពង្រាប និងបំបាក់ទឹកចិត្តខ្មែរបំបាក់កិត្តិយស វិរជនជាតិសាសន៍ឯង ហើយហុចផលប្រយោជន៍ ទៅជនជាតិយួនទៅវិញ? ខុសត្រូវយ៉ាងណា ម្តេចបាន ជាយើងដែលជាខ្មែរ មិនសណ្តោសគ្នា និយាយណែនាំពន្យល់គ្នា ក្នុងក្តីស្រឡាញ់រួបរួមស្និតស្នាលនឹងគ្នា ឲ្យបានយល់ ច្បាស់ ពីដំណើរការណ៍នេះ? ម្តេចបានជាមានការចោទប្រកាន់់រាស្ត្ររបស់ខ្លួន ដែលក្រោកឈរការពារទឹកដី ហើយចាប់ ពួកគាត់ទៅផ្តន្ទាទោសថែមទៀត? ឯណាទៅកិត្តិយសខ្មែរ ដែលប្រទេសជាតិ មានអធិបតេយ្យនឹងគេដែរនោះ?
«តើរដ្ឋធម្មនុញ្ញខ្មែរ មានចែងយ៉ាងណាខ្លះ» ក្នុងកិច្ចការ ការពាររាស្ត្រខ្មែរ ការពារកិត្តិយសវិរជនខ្មែរ នៅចំពោះមុខ នៃខ្មាំងប្រវត្តិសាស្ត្ររបស់ខ្មែរ ដែលតែងតែមានមហិច្ឆតា ច្បិចយកទឹកដីខ្មែរតាមតែកាលៈទេសៈ ដែលគេអាចធ្វើទៅបាន? បើសិនជារដ្ឋធម្មនុញ្ញខ្មែរ, ក្នុងករណីដូចនេះ, មិនអាចការពារជនជាតិខ្មែរគ្រប់ឋានៈបានទេនោះ តើហេតុអ្វី? តើខ្មែរណាខ្លះ ដែលនឹងត្រូវធ្វើអ្វីខ្លះ ដើម្បីផ្សះផ្សារគ្នាហើយបង្កើតបានសាមគ្គីរឹងមាំមួយ សម្រាប់ជីវិតរស់នៅរបស់ខ្មែរ?
ខ្ញុំសូមគោរពសួរយោបល់លោកទេសរដ្ឋមន្ត្រី អៀងមូលី សូមលោកករុណាជួយបំភ្លឺ មូលហេតុពិតប្រាកដ ក្នុងករណី នៃការបាក់បែកយ៉ាងខ្ទេចខ្ទាំ រវាងខ្មែរនិងខ្មែរនេះ ថាតើលោកមានយោបល់យ៉ាងណា? តើយើងមានសង្ឃឹម ថានឹងរក ឃើញ សាមគ្គីភាពដែរឬទេ ក្នុងរវាងពេលវេលាឆាប់ៗខាងមុខនេះ? ខ្ញុំយល់ឃើញថា ជាតិសាសន៍ខ្មែរ គឺពិតជាកំពុងតែឈរប្របេះនឹងមាត់អន្លង់ នៃសេចក្តីវិនាសអន្តរាយ បើខ្មែរមិនសាមគ្គីគ្នាឲ្យបានទាន់ពេលវេលា។ នោះគឺដោយសារ មហិច្ឆតាវាតទីនិយមនៃសត្រូវប្រវត្តិសាស្ត្ររបស់ខ្មែរ ទាំងខាងលិចនិងខាងកើត គឺនឹងនៅតែដុះរាលដាលជានិច្ច ឥតមានព្រំដែន ឬកំណត់នៃពេលវេលាសោះឡើយ៕
ដោយសេចក្តីគោរព និងមេត្រីភាព,
ពីខ្ញុំ, ជូលាងហាក់, នៅសហរដ្ឋអាមេរិក
លិខិតឆ្លើយតបរបស់លោកទេសរដ្ឋមន្រ្តី អៀង មូលី ចំពោះលិខិតរបស់លោក ជូ លាងហាក់
ជំរាបជូនលោកជូ លាងហាក់ ជាទីរាប់អាន ។
ជាបឋម ខ្ញុំសូមអភ័យទោសដែលពុំបានឆ្លើយតបអ៊ីម៉ែលរបស់លោកឲ្យបានឆាប់ រហ័ស ។ តាមពិត រាល់សារបញ្ជូនមកទាំងអស់ត្រូវបានបញ្ចូលក្នុងទូរស័ព្ទដៃរបស់ខ្ញុំ ក៏ប៉ុន្តែដោយសារទូរស័ព្ទនោះមិនទាន់បានបញ្ចូលកម្មវិធីអក្សរខ្មែរ បានជាខ្ញុំមិនអាចអានអ៊ីម៉ែលរបស់លោកភ្លាម ត្រូវរង់ចាំខ្ញុំមានពេលឆែកអ៊ីម៉ែលក្នុងកុំព្យួទ័រ ទើបអាច អានអត្ថបទរបស់លោក ។ ទាក់ទងជាមួយលោក សេង លាងហាក់ បើតាមខ្ញុំដឹងគាត់មានជម្ងឺស្លាប់មួយចំហៀងខ្លួន ។ ប្រសិនបើគាត់នៅរស់គាត់អាចមានអាយុមិនតិចជាង ៧០ ឆ្នាំឡើយ ក៏ប៉ុន្តែគាត់បានលាចាកលោកយើងនេះទៅហើយ ។ ខ្ញុំមិនជឿថាលោក មានអាយុ ៧០ ឆ្នាំទេ បើនៅឆ្នាំ ១៩៧៥ លោកទើបតែមានអាយុ ២៣ ឆ្នាំនោះ។
តាមពិត អ្វីដែលលោកបានលើកជាសំណួរមកខ្ញុំទាំងប៉ុន្មាន ខ្ញុំធ្លាប់បានបញ្ចេញមតិច្រើនលើក ច្រើនសាររួចមកហើយ នៅក្នុសម្ភាសន៍ជាច្រើនតាមប្រព័ន្ធផ្សព្វផ្សាយ រួមទាំងតាមវ៉េបសាយរបស់ខ្ញុំជាដីម។
ដោយបានអានអត្ថបទរបស់លោក ខ្ញុំអាចវាស់ស្ទង់នូវក្តីបារម្ភ និង នូវទឹកចិត្តស្នេហាជាតិ ស្រឡាញ់ទឺកដីរបស់លោក ព្រោះនោះ ជាទូទៅ ជាមនោសញ្ចេតនារបស់ជន រួមជាតិមួយចំនួនធំ ដែលរស់នៅក្រៅប្រទេស ដោយសារខ្លួនខ្ញុំផ្ទាល់ក៏ធ្លាប់មានមនោសញ្ចេតនាបែបនេះដែរ កាលខ្ញុំនៅក្រៅប្រទេស ។ ខ្ញុំនិយាយយ៉ាងនេះ មិនមែនបានន័យថា អ្នកនៅក្នុងស្រុក មិនចេះស្រឡាញ់ទឹកដី ប្រទសជាតិ ដូចអ្នកនៅក្រៅប្រទេសនោះទេ ។ ខ្ញុំជឿច្បាស់ថា អ្នកនៅក្នុងស្រុក រួមទាំងអ្នកកាន់អំណាចផងក៏ចេះស្រឡាញ់ទឹកដី ប្រទេសជាតិដូចអ្នកនៅក្រៅប្រទេសដែរ បើមិនស្មើ ក៏លើសផង ព្រោះថាពួកគេសុទ្ធតែរស់នៅដោយផ្ទាល់ រួមសុខរួមទុក្ខ ទាំងព្រឹក ទាំងល្ងាច ទាំងថ្ងៃ ទាំងយប់ជាប់ជាប្រចាំ ។ ខ្ញុំជឿថា ទាំងលោក សម រង្សី ទាំងគណបក្សរបស់គាត់ ប្រាកដជាមិនទទួលយកនូវអ្វីដែលខ្ញុំលើកឡើងនេះទេ ព្រោះបើគេនិយាយថាអ្នកកាន់អំណាច ចេះស្រឡាញ់ទឹកដី ឬ ស្នេហាជាតិដែរនោះ ធ្វើដូចម្តេចរូបគាត់ និង គណបក្សប្រឆាំងរបស់គាត់អាចទទួលផលចំណេញពីគោលនយោបាយប្រឆាំងបាន ។ ជាធម្មជាតិរបស់បក្សប្រឆាំងនៅកម្ពុជាបច្ចុប្បន្ន គេត្រូវតែប្រកាន់គោលជំហរផ្ទុយពីអ្នកកាន់អំណាចគឺ បើអ្នកកាន់អំណាចថា ស បក្សប្រឆាំងត្រូវតែថា ខ្មៅ យ៉ាងដូច្នោះ ។ អ្វីដែលលោកលើក ឡើងថា យើងកំពុងនៅប្របេះអន្លង់គ្រោះថ្នាក់នៃជាតិសាសន៍យើងនោះ នេះជាឧទាហរណ៍ដ៏ច្បាស់អំពីការឃោសនាយ៉ាងក្តៅគគុករបស់គណបក្សប្រឆាំង ដែលគេកំពុងស្រែកបំពងក្នុងយុទ្ធនាការស្វែងរកការគាំទ្ររបស់ពួកគេ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ។ ប្រសិនបើគេមិនបន្លាចសាធារណជនអំពីគ្រោះមហន្តរាយធ្ងន់ធ្ងរបែបនេះ ធ្វើដូចម្តេច គេនឹងអាចធ្វើអ្វីដែលគេហៅថា សង្គ្រោះជាតិបាន? ដោយសង្ឃឹមថានឹងអាចបានទទួលសម្លេងគាំទ្រខ្លះៗ ពីអ្នកចាញ់បោកខ្លួននោះ។
ខ្ញុំជឿច្បាស់ថាសម័យកាលយួនលេបទឹកដីខ្មែរ និង សម័យជនជាតិខ្មែរជាពូជអ្នកចម្បាំងនោះ ហួសសម័យទៅហើយនៅសតវត្សទី ២១ នេះ ។ នៅសម័យនេះ មិនមែនប្រទេសណាក៏អាចឈ្លានពាន ឬលេបយកប្រទេសដ៏ទៃបានស្រួលៗដូចពេលមុនៗនោះឡើយ ។ ប្រទេសយើងជាសមាជិកពេញសិទ្ធិរបស់អង្គសហប្រជាជាតិ យើងជាសមាជិកអាស៊ានដែល ១០ ឆ្នាំម្តង យើងអាចជាប្រធាននៃសមាគមប្រជាជាតិអាស៊ីភាគអាគ្នេយ៍នេះ ។ យើងមិនត្រឹមតែជាសមាជិកអង្គការអន្តរជាតិនានានោះទេ ជាញឹកញាប់ ប្រទេសយើងក៏បានធ្វើជាប្រធាននៃអង្គប្រជុំអន្តរជាតិជាច្រើនទៀតផង ដែលទាំងនេះ សុទ្ធតែផ្តល់កិត្តិយសដល់កម្ពុជា ។ គណបក្សប្រឆាំងមិនឃើញការពិតទាំងនេះទេ ។ នៅពេលដែលពួកគេបំភ្លៃថា កម្ពុជាកំពុងប្រឈមនឹងការរលំរលាយបាត់ស្រមោលពី ផែនទីពិភពលោក ប្រទេសយើងកំពុងលេចធ្លោលើឆាកអន្តរជាតិ រហូតដល់ហ៊ានឈរឈ្មោះជាបេក្ខជនសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិទៀតផង ។ គេកំពុងស្រែកបំភ័ន្តមតិសាធារណជាតិថា យួនយកដីខ្មែរអស់ហើយ នៅពេលដែលពិភពលោកទាំងមូលរួមទាំងប្រទេសវៀតណាមផងគេទទួលស្គាល់ថាប្រទេសខ្មែរជារបស់ខ្មែរ ។ សព្វថ្ងៃនេះ មានតែគណបក្សប្រឆាំងទេដែលស្រែកដោយឥតអៀនខ្មាស់ថាប្រទេសខ្មែរជាប្រទេសយួននោះ ។ លោកសម រង្សីនិង គណបក្សប្រឆាំងរបស់គាត់ស្រែកឡោងៗថា យួនយកដីខ្មែរអស់ហើយ នៅពេលដែលយើងកំពុងចរចាបោះបង្គោលព្រំប្រទល់ឲ្យដឹងថា ដីណាដីខ្មែរ ដីណាដីយួន ។ បើយួនយកអស់ហើយចាំបាច់ បោះបង្គោលសម្គាល់ដីគេ ដីយើងធ្វើអ្វី? លោក សម រង្សីនិង គណបក្សប្រឆាំងរបស់គាត់បំភ្លៃមតិមហាជនថាខ្មែរយើងសព្វថ្ងៃ ជារណបយួន ឬ ជាកញ្ជះយួន នៅពេលដែលព្រឹត្តិការណ៍អន្តរជាតិកន្លងមក បានបង្ហាញឲ្យឃើញថា ខ្មែរកំពុងប្រកាន់គោលជំហរឯករាជ្យពេញបរិបូណ៌ ឧទាហរណ៍ដូចជានៅសម័យប្រជុំអាស៊ានកន្លងមក ទាក់ទងនឹងជម្លោះដែនសមុទ្រនៅសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន វៀតណាមរួមជាមួយនិង ហ្វីលីពីន ស្នើកម្ពុជាដែលជាប្រធានអង្គប្រជុំអាស៊ានឲ្យលើកយកជម្លោះនោះមកជជែក តែកម្ពុជាមិនធ្វើតាម ព្រោះហេតុអ្វី?ព្រោះតែខ្មែរយើងមិនរណបយួននោះឯង ព្រោះយើងដឹងថាមិនមែនប្រទេសអាស៊ានទាំងមូលមានជម្លោះជាមួយប្រទេសចិនទាំងអស់នោះទេ គឺមានតែមួយចំនួនបុណ្ណោះដូច្នេះក្នុងអាស៊ានគ្មានកុងសង់ស៊ីសលើបញ្ហានេះទេ និង ក៏មិនមែនជាផលប្រយោជន៍របស់ខ្មែរដែរ ។ ឥឡូវ គណបក្សប្រឆាំងស្រែកថា ពួកយើងជារណប ឬ ជាកញ្ជះចិនផងនិង យួនផងតើអាច ទៅរួចទេ ជាពិសេស នៅពេលដែល ចិន និងយួនមានជម្លោះជាមួយគ្នានោះ?ក្រុមអ្នកនយោបាយ និងគណបក្សប្រឆាំងគិតតែវាយបន្ថោកជាតិសាសន៍ខ្មែរ អ្នកដឹកនាំជាតិឯងឥតឈប់ឈរ ដោយប្រើពាក្យអសុរសដូចជាកញ្ជះគេឆ្កែបំរើបរទេស ពួកអាក្បត់ជាតិ ពួកអាពុករលួយ ពួកអាចោរលក់ជាតិ ឬ អាខ្វាក់ជាដើម ។ល។ តើនេះជាសេចក្តីថ្លៃថ្នូរ និង សីលធម៌ខ្ពស់របស់អ្នកដែលតាំងខ្លួនជាអ្នកចេះ និង ជាអ្នកប្រជាធិបតេយ្យពិតប្រាកដនោះឬ? តើអ្នកនយោបាយប្រឆាំងគ្មានមេរៀនអ្វីទុកឲ្យកូនខ្មែរក្រៅពីការបន្ទាបបន្ថោក ជេរប្រមាថថ្នាក់ដឹកនាំប្រទេសជាតិរបស់ខ្លួនយ៉ាងនេះឬ? គ្រាន់តែតាំងខ្លួនថាជាអ្នកស្នេហាជាតិ មិនទាន់មានសិទ្ធិគ្រប់គ្រាន់ក្នុងការជេរប្រមាថមើលងាយខ្មែរដ៏ទៃបែបនេះឡើយ ។ ផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជាកំពុងខឹតខំលើកដំកើងតម្លៃនៃវប្បធម៌ជាតិ រួមមានសាសនា ប្រពៃណីទំនៀមទម្លាប់ ភាសា អក្សរសាស្ត្រខ្មែរ ភ្លេងខ្មែរ របាំខ្មែរ អាយ៉ៃ ចាប៉ីដងវែង ល្ខោនខ្មែរ ទាំងសម័យ ទាំងបូរាណ ព្រមទាំងប្រព័ន្ធការសិក្សា ដែលសុទ្ធតែជាទងព្រលឹងរបស់ខ្មែរ ព្រោះថាបើមានតែដី មានតែមនុស្ស តែបាត់បង់ព្រលឹងជាតិអស់ ប្រជាជាតិខ្មែរក៏គ្មានន័យអ្វីដែរ ។ តើមានន័យអ្វី ដែលថ្នាក់ដឹកនាំបច្ចុប្បន្នខំលើកដំកើងព្រះរាជបល្ល័ង្ក ឲ្យខ្ពស់ត្រដែតឡើង ដូចជាក្នុងឱកាសថ្វាយព្រះភ្លើងព្រះរតនកោដ្ឋនរោត្តម សីហនុ ក្នុងពេលថ្មីៗ ជាដើម តើគេកំពុងសាងព្រះបរមរូបសំណាករបស់ព្រះអង្គដើម្បីទុកធ្វើអ្វី? តើគេនាំគ្នាធ្វើរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត រូបសំណាកលោកតាក្រមង៉ុយ រូបសំណាកតេជោ មាស តេជោ យ៉ត រូបសំណាកលោកយាយ ពេញ ក្នុងន័យអ្វី?តើគេខំរៀបចំសិក្ខាសាលា ដើម្បីណែនាំក្រុមអាចារ្យឲ្យមានការឯកភាពគ្នាក្នុងការ ប្រារព្ធបុណ្យទានផ្សេងៗរបស់ខ្មែរ ជាពិសេស ពិធីរៀបអាពាហ៍ពិពាហ៍ ឲ្យសមស្រប តាមរបៀបរបបប្រពៃណីខ្មែរក្នុងន័យអ្វី?ហេតុដូចម្តេចបានជាគេមិនឲ្យខ្មែរនិយាយយួនស្លៀកពាក់ខោអាវផាយតាមរបៀបយួន ចូលអុងកូដូចយួន ឬ មិនសាងសង់រូប សំណាក ហូ ជីមិញ ។ល។ បើយួនជាចៅហ្វាយខ្មែរ បើស្រុកខ្មែរជាស្រុកយួនទៅហើយ នោះ? ខ្ញុំមិនបដិសេធថាគ្មានយួននៅក្នុងស្រុកខ្មែរសោះនោះទេ ជនជាតិយួនប្រាកដ ជាមាននោះលើដីខ្មែរ ។ បើលោកចង់ដឹងថាតើមានចំនួនប៉ុន្មាន លោកអាចបើកមើលWorld factbook របស់ CIA នៃសហរដ្ឋអាមេរិក លោកនឹងដឹងថាចំនួនពិតប្រាកដមាន ប៉ុន្មាន ពីព្រោះបើខ្ញុំឲ្យតួលេខរបស់ខ្ញុំ គណបក្សប្រឆាំងប្រាកដជាមិនទទួលយក ឡើយ ។ ចម្លើយរបស់ខ្ញុំហាក់ដូចជាវែងបន្តិច និង ហាក់ដូចជាមិនឆ្លើយនឹងសំណួររបស់លោកទាក់ទងករណីលោក សម រង្សី និង រដ្ឋធម្មនុញ្ញ។
ចម្លើយរបស់ខ្ញុំនេះ ដែល មានលក្ខណៈឯកជនសុទ្ធសាធនោះ មានគោលបំណងជួយផ្តល់ហេតុផលជូនជនរួមជាតិនៅក្រៅប្រទេសទាំងអស់ ឲ្យថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយទាំងអស់ កុំឲ្យស្តាប់តែម្ខាង និង កុំឲ្យមើលឃើញតែមួយជ្រុង ដើម្បីអាចគេចចេញពីការធ្វើអាជីវកម្មនយោបាយដោយអ្នកនយោយប្រឆាំង ព្រោះតែក្តីបារម្ភ និង ស្មារតីស្នេហាជាតិរបស់បងប្អូននៅក្រៅប្រទេសទាំងនោះ ។ ជនរួមជាតិនៅក្រៅប្រទេស អាចយល់ដឹងអំពីប្រវត្តិសាស្ត្រ របស់យើងរួចហើយ ទាក់ទងនឹងចលនាបណ្តេញយួនក្នុងកាលកន្លងមក ។ លោក លន់ នល់ យកលេសដេញយួន ដើម្បីផ្តួលរលំរបបសម្តេច នរោត្តម សីហនុ ក៏ប៉ុន្តែ នៅទីបំផុត ខ្មែរធ្លាក់ទៅក្នុងកណ្តាប់ដៃនៃរបបខ្មែរក្រហមប្រល័យពូជសាសន៍ ប៉ុល ពត ។ ចំណែកឯ ប៉ុល ពត ក៏ស្រែកដេញយួនដូច លន់ នល់ ដែរ នៅពេលដែលពួក នេះសម្ងំកាប់សម្លាប់ខ្មែរអស់ទាំងនគរ ។ ឥឡូវគណបក្សប្រឆាំងមិនគ្រាន់តែឃោសនាឲ្យខ្មែរដេញយួនទៀតទេ គេកំពុងពន្យុះឲ្យយើងទៅទាមទារយកកោះត្រល់ និងដីកម្ពុជាក្រោមទៀតផង ។ ខ្ញុំជឿថាប្រជាជនខ្មែរ ក្នុងពេលបច្ចុប្បន្ននេះកំពុងត្រូវការសុខសន្តិភាព ព្រោះថាបើគ្មានសុខសន្តិភាពទេ គេមិនអាចអភិវឌ្ឍប្រទេសជាតិបានឡើយ ។ បើមិនអភិវឌ្ឍទេ តើពេលណាទើបខ្មែររួចចាកពីភាពក្រីក្រ និង រត់ឲ្យទាន់ប្រទេសជឿនលឿនឯទៀតបាន ។ ខ្ញុំជឿថា អ្វីៗដែលយើងធ្វើមិនមែនសុក្រឹតល្អឥតខ្ចោះនោះទេ រួមទាំងលទ្ធិប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្សផង គឺពិតជានៅមានកំរឹត ដែលត្រូវការកែលំអតទៅទៀត ។ ក៏ប៉ុន្តែបើប្រទេសជាតិគ្មានសេចក្តីសុខគ្មានសន្តិភាព ឬ ស្ថេរភាពនយោបាយទេ តើគេ អាចកែលំអលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សបានតទៅទៀតដែរឬទេ? ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយខ្ញុំយល់ស្របតាមសម្តេចតេជោនាយករដ្ឋមន្ត្រី ដែល បានជំរាបលោកប្រធានាធិតីអូបាម៉ា ដោយផ្ទាល់មាត់ថាការគោរពសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនចាញ់ ឬ មិនអន់ថយជាងនៅប្រទេសជិតខាងទេ ។ បើយើងក្រឡេកទៅមើលប្រទេសជិតខាងទាំងនោះ យើងនឹងឃើញថាប្រទេសខ្លះ អំណាចប្រជាធិបតេយ្យដែលកើតចេញពីការបោះឆ្នោត ស្ថិតនៅជាប្រចាំក្រោមការ គំរាមកំហែងផ្តួលរំលំពីសំណាក់កងទ័ព និង ពីសំណាក់អំណាចចាត់តាំងឯទៀតដែលមិនមែនកើតចេញពីការបោះឆ្នោតផង ។ ប្រទេសខ្លះទៀត គេមិនអនុញ្ញាតឲ្យមានគណបក្សប្រឆាំង ដូចនៅប្រទេសកម្ពុជាទេ ។ ជាការគួរឲ្យភ្ញាក់ផ្អើល ប្រទេសទាំងនោះ ខ្លះជាមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិកទៀតផង ។ ខ្ញុំជឿថាលោក អូបាម៉ាប្រាកដជាមើលឃើញសភាពការណ៍ពិតនេះ នៅក្នុងប្រទេសយើង ។ នៅកម្ពុជា អ្នកនយោបាយ និង គណបក្សប្រឆាំងមានសិទ្ធិសេរីភាពធ្វើសកម្មភាពនយោបាយដោយបរិបូណ៌ ឲ្យតែស្ថិតនៅក្នុងរង្វង់ច្បាប់ ដែលមានច្បាប់រដ្ឋធម្មនុញ្ញជាកំពូល ។ រដ្ឋធម្មនុញ្ញដែលកើតឡើងកាលពីឆ្នាំ ១៩៩៣ នេះ ជាដំបូលឲ្យខ្មែរគ្រប់និន្នាការនយោ បាយ អាចជ្រកកោនរួមរស់នៅជាមួយគ្នាបាន ។ ដូច្នេះ ឲ្យតែនៅក្នុងក្របខណ្ឌច្បាប់ អ្នកនយោបាយ អាចធ្វើសកម្មភាពនយោបាយបានគ្រប់យ៉ាងគឺ ប្រឆាំងក៏បាន គាំទ្រក៏បាន ក៏ប៉ុន្តែបើសកម្មភាពនយោបាយនោះចេញផុតពីរង្វង់ច្បាប់ សកម្មភាពនោះក៏មិនអាចទទួលការការពារពីរដ្ឋធម្មនុញ្ញបានឡើយ ទោះជាយើងប្រកាសខ្លួនយើង ជាអ្នកស្នេហាជាតិ ឬ ទោះបីជាយើងយល់ថាសកម្មភាពនោះជាសកម្មភាពស្នេហាជាតិ ក៏ដោយ ។ ខ្ញុំយល់ថាបើលោកសម រង្សី កុំទៅដកបង្គោលដែលរដ្ឋាភិបាលខ្មែរបោះ ជាបណ្តោះអាសន្ន ដើម្បីចរចាគ្នាវាស់វែងរកព្រំប្រទល់ពិតប្រាកដរវាងប្រទេសទាំងពីរ វវៀតណាម និង កម្ពុជាគាត់ប្រាកដជាគ្មានទទួលការចោទប្រកាន់ណាមួយ ដែលនាំឲ្យ មានការផ្តន្ទាទោសអ្វីឡើយនិង ដែលនាំឲ្យគាត់គេចខ្លួនមកក្រៅប្រទេសយ៉ាងនេះទេ ។ បង្គោលឬស្សីដែលលោកសម រង្សី ដកគ្រវាត់ចោលនោះអាចគ្មានតម្លៃអ្វីធំដុំក៏ មែនពិត ក៏ប៉ុន្តែក៏ជាការងាររបស់អំណាចសាធារណៈមួយដែលមានអធិបតេយ្យភាព មិនអាចយកទៅលេងសើចបានឡើយ ។ ខ្ញុំយល់ថាលោក សម រង្សី មានសិទ្ធិពេញទី ក្នុងឋានៈជាអ្នកតំណាងរាស្ត្រប្រឆាំង ក្នុងការលើកយកបញ្ហាការបោះបង្គោលដែលគាត់អាចចោទថាមិនត្រឹមត្រូវមិនសមស្រប ដោយលើកយករូបថត ឬ រូបវីឌីអូនៃ បង្គោលនោះ មកវាយប្រហាររដ្ឋាភិបាលមកប្រឆាំង មកតស៊ូមតិ នៅក្នុងសភា ឬ នៅតាមបណ្តាញផ្សព្វផ្សាយបានដោយសេរី និង ដោយស្របច្បាប់ទៀតផង ដែលមានការ ធានាយ៉ាងពេញទីពីរដ្ឋធម្មនុញ្ញ ។ លោក សម រង្សី អាចជឿថាកម្លាំងនយោបាយរបស់ គាត់ និង បក្សប្រឆាំងនោះខ្លាំងក្លាណាស់ ទើបគាត់ធ្វើសកម្មភាពនយោបាយ ដោយមិនខ្វល់ថាស្របច្បាប់ ឬ ខុសច្បាប់នោះឡីយ ។ ខ្ញុំនៅតែមានជំនឿថារវាង ខ្មែរ និង ខ្មែរ គេនៅតែអាចនិយាយគ្នាបានគ្រប់ពេលវេលា ។ តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺ ទាំងលោក សម រង្សី ទាំងគណបក្សប្រឆាំងរបស់គាត់ មិនដែលចាត់ទុកអ្នកដឹកនាំខ្មែរ បច្ចុប្បន្នថាជាខ្មែរទេគឺចាត់ទុកត្រឹមអាយ៉ង ឬ កញ្ជះបរទេសតែប៉ុណ្ណោះ ។ បើចង់និយាយ គេទៅនិយាយជាមួយបរទេស ឬ មហាអំណាច ឬ សហគមន៍អន្តរជាតិជាដើមនៅពេលដែលដំណោះស្រាយនៅក្នុងកណ្តាប់ដៃមេដឹកនាំ ឬ អ្នកកាន់អំណាចខ្មែរបច្ចុប្បន្នសោះ ។ ជាថ្មីម្តងទៀតអ្វីដែលខ្ញុំបានលើកឡើងត្រួសៗខាងលើគ្មានអ្វីក្រៅពីចង់ឲ្យបងប្អូននៅក្រៅប្រទេសយល់ដឹងពីសភាពការណ៍ពិតនៅកម្ពុជា ព្រោះដោយសារតែស្នេហាជាតិបងប្អូន ត្រូវអ្នកនយោបាយ គេទៅរៃអង្គាសជាប្រចាំតាំងពីទសវត្សឆ្នាំ ១៩៨០រៀងមក ។ កាលពេលនោះ នៅក្នុងប្រទេសយើង នៅមានវត្តមានកងទ័ពវៀតណាមមែនក៏ប៉ុន្តែសម័យនេះមិនមែនទសវត្សឆ្នាំ ១៩៨០ ទៀតទេ ។ យើងកំពុងរស់នៅដោយសុខសាន្តក្នុងប្រទេសខ្មែរ ដែលជារបស់ខ្មែរលើទឹកដីដែលជាកេរមរដកបន្សល់ ទុកដោយដូនតាខ្មែរ។
សូមលោក ជូ លងហាក់ ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ ។
អៀង មូលី



