ភ្នំពេញ: នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០១៣ កាសែតក្នុងស្រុក បានសរសេរនូវអត្ថបទដំណឹងជាច្រើន។ ក៏ប៉ុន្តែកាសែតភាគច្រើន បានចាប់អារម្មណ៍លើសេចក្តីស្នើច្បាប់របស់គណបក្សប្រឆាំង ដែលត្រូវបានគណៈកម្មការជំនាញរបស់រដ្ឋសភា មិនទទួលយក កាលពីព្រឹកថ្ងៃទី៣មេសា។
លើប្រធានបទនេះ កាសែតកម្ពុជាថ្មី ដែលមានជំហរគាំទ្ររដ្ឋាភិបាល បានដាក់ចំណងជើងធំថា “ទាត់ចោលសេចក្តីព្រាងច្បាប់របស់គណបក្សប្រឆាំង ដែលមានលក្ខណៈប្រជាភិថុត”។ កម្ពុជាថ្មី បានស្រង់ប្រសាសន៍របស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ស្មាន ទៀត មកចុះផ្សាយថា គណៈកម្មការចំនួន២របស់រដ្ឋសភា បានសំរេចច្រានចោលសេចក្តីស្នើច្បាប់របស់សមាជិកសភា មកពីគណបក្សប្រឆាំង ដោយចាត់ទុកសំណើនោះ ថាមានលក្ខណៈមិនសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៅប្រទេសកម្ពុជា ដែលប្រកាន់សេដ្ឋកិច្ចទីផ្សារសេរី ហើយសំណើនោះ មានលក្ខណៈនយោបាយ និងប្រជាភិថុត។
ក៏ប៉ុន្តែបើតាមកាសែតមនសិការខ្មែរ ដែលគាំទ្រគណបក្សប្រឆាំងសមរង្ស៊ីវិញ បានចាត់ទុកក្រុមអ្នកកាន់អំណាចរើសអើង និងមិនគិតផលប្រយោជន៍សង្គម នៅពេលគណបក្សប្រឆាំងព្យាយាមលើកកម្ពស់ជីវភាពមន្ត្រីរាជការ និងកម្មករខ្មែរ។
បើតាមកាសែតមនសិការខ្មែរ សំណើរបស់គណបក្សប្រឆាំងសុំបង្កើតច្បាប់កំណត់ប្រាក់ខែទាបបំផុត សម្រាប់មន្ត្រីរាជការស៊ីវិល ១លានរៀល និងប្រាក់ខែកម្មករកាត់ដេរ ១៥០ ដុល្លារ ដោយសារតែការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករខ្មែរ ដែលកំពុងមានជីវភាពលំបាកវេទនា តោកយ៉ាករកទីបំផុតគ្មាន។
ងាកទៅអានកាសែត ខេមបូឌា ដេលី លើអត្ថបទ ដែលមានចំណងជើងថា “គណៈកម្មាធិការរដ្ឋសភា បដិសេធសេចក្តីព្រាងច្បាប់ ស្តីពី ការដំឡើងប្រាក់ខែគោលអប្បបរមា” កាសែតភាសាអង់គ្លេស-ខ្មែរនេះ បានស្រង់សម្តីរបស់លោក សុន ឆ័យ សមាជិកសភាគណបក្សសមរង្ស៊ី មកចុះផ្សាយថា ការច្រានចោលសេចក្តីព្រាងច្បាប់របស់គណៈកម្មាធិការរដ្ឋសភានេះ គឺគ្មានមូលដ្ឋានទេ។
តាមលោក សុន ឆ័យ ការច្រានចោលនូវសេចក្តីស្នើច្បាប់របស់បក្សប្រឆាំង គឺជាការរើសអើង ពីព្រោះគណបក្សកំពុងកាន់អំណាច បានចោទប្រកាន់យើងថា មានបំណងកេងចំណេញផ្នែកនយោបាយ ដែលយើងមិនអាចទទួលយកបានឡើយ។ នេះបើតាមខេមបូឌា ដេលី។
“រដ្ឋសភាច្រានចោលសេចក្តីស្នើច្បាប់កំណត់ប្រាក់ខែមន្ត្រីរាជការ-កម្មករ” នេះក៏ជាចំណងជើងធំ របស់កាសែតភ្នំពេញប៉ុស្តិ៍ ជាភាសាខ្មែរ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៤មេសានេះ។ ភ្នំពេញប៉ុស្តិ៍ សរសេរថា ការច្រានចោលសេចក្តីស្នើច្បាប់ស្តីពីការកំណត់ប្រាក់ខែ និងប្រាក់ឈ្នួលអប្បបរមារបស់មន្ត្រីរាជការ និងកម្មករ ដែលស្នើឡើងដោយតំណាងរាស្ត្រគណបក្សប្រឆាំងនេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈថា ប្រាក់ខែមន្ត្រីរាជការ និងកម្មករ នឹងត្រូវតម្លើងទៅតាមកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ។
ភ្នំពេញប៉ុស្តិ៍ ក៏បានសរសេរថា បញ្ហាប្រាក់ខែ និងប្រាក់ឈ្នួលកម្មករ ត្រូវបានគេមើលឃើញថា បានក្លាយជារបៀបវារៈសំខាន់មួយរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំង ដើម្បីទាក់ទាញសំឡេងឆ្នោត នៅក្នុងការបោះឆ្នោតជាតិ នាខែកក្កដាខាងមុខ។
អត្ថបទកាសែត ស្តីពី រដ្ឋសភាច្រានចោលសំណើរបស់គណបក្សប្រឆាំង លើការកំណត់ពីប្រាក់ខែកម្មករ និងមន្ត្រីរាជការ មិនស្ថិតនៅលើទំព័រកាសែតរស្មីកម្ពុជា និងកាសែតកោះសន្តិភាពឡើយ។
រស្មីកម្ពុជា បានដាក់ចំណងជើងធំថា “ប្រាក់បំពេញវិជ្ជាក្រៅម៉ោងជាង ៦៤ លានរៀល នៅវិទ្យាល័យអង្គរ ទៅឯណា?”។ ក្នុងអត្ថបទព័ត៌មានមកពីខេត្តសៀមរាបនេះ រស្មីកម្ពុជា បានសរសេរថា ចុងក្រោយនេះ វិទ្យាល័យអង្គរ ចេះតែកើតរឿងរ៉ាវ ហើយដោះស្រាយមិនទាន់ចេញផង ស្រាប់តែឥឡូវនេះ គេបានរកឃើញរឿងពុករលួយដ៏ធំមួយទៀត គឺមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប និងនាយកវិទ្យាល័យអង្គរ បានស៊ីដាច់លុយម៉ោងបង្រៀនសិស្សបំពេញវិជ្ជាក្រៅម៉ោង សម្រាប់ឆ្នាំសិក្សា២០១២-២០១៣ ចំនួនជាង ៦៤ លានរៀល។
ក៏ប៉ុន្តែករណីនេះ រស្មីកម្ពុជា បានសរសេរថា លោកនាយកសាលា និងប្រធានមន្ទីរអប់រំ ខេត្តសៀមរាប បានបដិសេធថា មិនបានធ្វើយ៉ាងដូច្នោះទេ។
ចំណែកកោះសន្តិភាព ដែលមានជំហរគាំទ្ររដ្ឋាភិបាល បានដាក់ចំណងជើងធំរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះថា “នយោបាយឈ្នះ=ឈ្នះ បញ្ចប់សង្គ្រាម តែមីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ នៅតែជាឧបសគ្គ សម្រាប់កម្ពុជានៅឡើយ”។
កោះសន្តិភាព បានសរសេរថា នយោបាយឈ្នះ=ឈ្នះ របស់រាជរដ្ឋាភិបាល បានធ្វើឲ្យកម្ពុជា អាចបញ្ចប់ដោយជោគជ័យនូវសង្គ្រាមរ៉ាំរ៉ៃ ដែលបានអូសបន្លាយជាងពីរទសវត្សរ៍ និងបានបញ្ចប់ទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធានៃរបបប្រល័យពូជសាសន៍ប៉ុលពត នៅចុងឆ្នាំ១៩៩៨។ ថ្វីត្បិតតែជោគជ័យជាប្រវត្តិសាស្ត្រ បាននាំមកនូវឯកភាពទឹកដី និងសន្តិភាពពេញលេញជូនប្រទេសជាតិ និងប្រជាជនកម្ពុជាក៏ពិតមែន ប៉ុន្តែកោះសន្តិភាព អត្ថាធិប្បាយថា វត្តមាននៃគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតែបន្តជាឧបសគ្គ និងជាបន្ទុកដ៏ធ្ងន់ធ្ងរ ចំពោះជាតិ និងប្រជាជនកម្ពុជានៅឡើយ៕ -CEN



