Alerts News :
 ដាច់ឧបករណ៍ ជិះលេងកម្សាន្ត នៅក្នុងសួនកម្សាន្ត ឌ្រីមលែន រងរបួសធ្ងន់៣នាក់​  ||   

» ព័ត៌មានទូទៅ » ជន​ឥណ្ឌូណេស៊ី​១១៤​នាក់​ត្រូវ​និរទេស​ចេញ​ពី​កម្ពុជា

ជន​ឥណ្ឌូណេស៊ី​១១៤​នាក់​ត្រូវ​និរទេស​ចេញ​ពី​កម្ពុជា

ជនជាតិ​ឥណ្ឌូណេស៊ី​ចំនួន​១១៤​នាក់ ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ ពី​បទ​បើក​ល្បែង​ស៊ីសង​ខុស​ច្បាប់ ត្រូវ​បាន​និរទេស​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍។

ជនជាតិឥណ្ឌូណេស៊ីដែលអាជ្ញាធរកម្ពុជាចាប់ខ្លួន កាលពីសប្តាហ៍មុន

លោក ឆៃ ស៊ីណារិទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា ជនជាតិ​ឥណ្ឌូណេស៊ី​ចំនួន​១១៤​នាក់ ដែល​បាន​ឃាត់​ខ្លួន​កាល​ពី​សប្តាហ៍​មុន ពី​បទ​ដំណើរ​ការ​ប្រព័ន្ធ​ចាក់​បាល់​ខុស​ច្បាប់​រយៈ​ពេល​ជាង​១ឆ្នាំ​នោះ ត្រូវ​បាន​និរទេស​ហើយ។

ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​ក្រសួង​មហាផ្ទៃ​រូប​នេះ​បាន​បន្ត​ថា បន្ទាប់​ពី​មាន​ការ​ចរចា​ជាមួយ​ឥណ្ឌូណេស៊ី អាជ្ញាធរ​កម្ពុជា​ក៏​សម្រេច​និរទេស​ពួក​គេ ដោយ​មិន​ធ្វើ​ការ​ចោទ​ប្រកាន់​នៅ​កម្ពុជា​ឡើយ។ ហើយ​ក៏​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​ប្រតិបត្តិករ​ល្បែង​ផង​ដែរ។

គួរ​រំលឹក​ថា ជន​ជាតិ​ឥណ្ឌូណេស៊ី​ចំនួន​១១៤​នាក់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១០ កញ្ញា ពី​ទី​កន្លែង​២​ផ្សេង​គ្នា​ក្នុង​សង្កាត់​បឹងកេងកង​ទី២ ខណ្ឌ​ចំការ​មន ក្រុង​ភ្នំពេញ បន្ទាប់​ពី​រក​ឃើញ​ថា ពួក​គេ​បាន​បើក​ល្បែង​ភ្នាល់​បាល់​តាម​អ៊ីនធឺណេត​ ដែល​ច្បាប់​របស់​ប្រទេស​កម្ពុជា​បាន​ហាម​ឃាត់៕

Copyright © 2010-2013 · The Free Press Magazine · All Rights Reserved.
Developed by Sek Sathya